(អ៊ីស្លាម៉ាបាដ)៖ អគ្គមេបញ្ជាការទ័ពប៉ាគីស្ថាន លោក Qamar Javed Bajwa បានប្រាប់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis ថា ប៉ាគីស្ថានបានលុបបំបាត់ទំាងស្រុងហើយ នូវពាក្យដែលថា ប្រទេសខ្លួនជាទីជម្រកសុវត្ថិភាព (ឋានសួគ៌) របស់ពួកភេរវករ កន្លងមកនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៥ ខែធ្នូ ឆ្នាំ២០១៧។
លោក Qamar Javed Bajwa ថ្លែងបែបនេះនៅក្នុងជំនួបជាមួយ លោក James Mattis ដែលបានបំពេញដំណើរទស្សនកិច្ច ទៅកាន់ទីបញ្ជាការយោធាមួយ ក្នុងទីក្រុង Rawalpindi កាលពីថ្ងៃចន្ទ។ ដោយឡែកជាមួយគ្នានោះ បើតាមសេចក្ដីថ្លែងការណ៍ ជំនួបរវាងអ្នកទាំងពីរ គឺផ្ដោតសំខាន់សន្តិសុខនៅតាមតំបន់ព្រំដែនជាប់អាហ្វហ្គានីស្ថាន រួមទាំងបញ្ហាជាច្រើន ទៀតពាក់ព័ន្ធនឹងផលប្រយោជន៍រួម រវាងប្រទេសទាំងពីរ។ បន្ថែមពីលើនេះ លោក Qamar ក៏បានបញ្ជាក់ប្រាប់ លោករដ្ឋមន្ត្រីការពារជាតិអាមេរិកផងដែរថា ទីក្រុងអ៊ីស្លាម៉ាបាដបានធ្វើ ការងារជាច្រើន ក្នុងការប្រយុទ្ធប្រឆាំងនឹងពួកភេរវករ បើទោះជាមានឧបសគ្គខ្លះៗក៏ដោយ។
គួរបញ្ជាក់ថា បើតាមសេចក្ដីថ្លែងការណ៍ខាងលើ លោក James Mattis បានអះអាងថា សហរដ្ឋអាមេរិកបានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការចូលរួមចំណែកជាមួយប៉ាគីស្ថានក្នុង កិច្ចការប្រយុទ្ធប្រឆាំងនឹងពួកភេរវករ ដោយថែមទាំងនិយាយថា នឹងមិនដាក់សំណើឡើយ តែនឹងស្វែងចំណុចរួម ដើម្បីធ្វើការងារជាមួយគ្នា។ ប៉ុន្តែបើគេចំាមិនភ្លេចទេ ប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ ធ្លាប់បាននិយាយថា ប៉ាគីស្ថានគឺជាឋានសួគ៌របស់ពួកភេរវករ៕