ទីបំផុតបម្រាមធ្វើដំណើរលើ ០៦ប្រទេសរបស់ លោក ត្រាំ «នៅសល់មួយជំហានទៀត នឹងចូលជាធរមានហើយ...»
05-12-2017 11:34
(វ៉ាស៊ីនតោន)៖ តុលាការកំពូលអាមេរិកបានសម្រេចថា បំរាមហាមឃាត់ការធ្វើដំណើរលើប្រជាជនមូស្លីមមកពីប្រទេសចំនួន ០៦ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចចូលជាធរមានបាន ដោយរង់ចាំតែការសម្រេចចិត្តផ្នែកច្បាប់ លើកចុងក្រោយតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី០៥ ខែធ្នូ ឆ្នាំ២០១៧។
ការសម្រេចចិត្តអាចនិយាយបានថា គឺជាការលើកទឹកចិត្តដល់គោលនយោបាយរបស់ លោក ត្រាំ ប្រឆាំងនឹងប្រជាជន ដែលមកពីប្រទេសដូចជា ឆាត អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ីរី និងយេម៉ែន ខណៈគោលនយោបាយនេះ នៅតែបន្តបង្កជាភាពចម្រូងចម្រាស នៅក្នុងចំណោមប្រជាជនអាមេរិកមួយចំនួនធំ ដែលយល់ថា វាគឺជាការរើសអើងផ្នែកសាសនា។ ប៉ុន្តែសម្រាប់រដ្ឋបាល លោក ត្រាំ ការហាមឃាត់នេះគ្រាន់តែជាការរក្សាសន្តិសុខ និងផលប្រយោជន៍របស់ជាតិប៉ុណ្ណោះ។
គួរបញ្ជាក់ថា ចៅក្រម ០៧នាក់ ក្នុងចំណោមចៅក្រម ០៩នាក់ នៃតុលាការកំពូលកាលពីថ្ងៃចន្ទ បានសម្រេចចិត្តដកចេញនូវសេចក្ដីបង្គាប់ ពីសំណាក់តុលាការជាន់ទាបដែលប្រឆាំងនឹង គោលនយោបាយអន្តោប្រវេសន៍ថ្មីនេះ។ ចំណែកឯសាលាឧទ្ធរណ៍សហព័ន្ធនៅ San Francisco, California, Richmond និង Virginia នឹងធ្វើការស្ដាប់សក្ខីកម្មនៅក្នុងសប្ដាហ៍ នេះថាគួរឱ្យគោលយោបាយរបស់ លោក ត្រាំ មានភាពស្របច្បាប់ ឬក៏យ៉ាងណា ស្របពេលករណីនេះ នឹងត្រូវសម្រេចចិត្តចុងក្រោយក្នុងតុលាការកំពូល៕