(ញូយ៉ក)៖ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិម្នាក់ នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង នៅក្នុងសប្ដាហ៍នេះ ដើម្បីចូលរួមកិច្ចពិភាក្សា ជាមួយមន្ត្រីជាន់ខ្ពស់ក្រុងព្យុងយ៉ាង ខណៈតំបន់ឧបទ្វីបកូរ៉េកំពុងជួបភាពតានតឹង ក្រោយរបបដឹកនាំ លោក គីម ជុងអ៊ុន បាញ់មីស៊ីលឆ្លងទ្វីបកាលពីចុងខែវិច្ឆិកា។ នេះបើតាមអ្នកនាំពាក្យអង្គការសហប្រជាជាតិ ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី០៥ ខែធ្នូ ឆ្នាំ២០១៧។
ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បានគូសបញ្ជាក់ដូច្នេះថា «លោក Jeffrey Feltman ជាអគ្គលេខាធិការរង ទទួលបន្ទុកកិច្ចការនយោបាយ នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង នៃប្រទេសកូរ៉េខាងជើងនៅថ្ងៃអង្គារនេះតែម្តង ដើម្បីពិភាក្សាលើការព្រួយបារម្ភ និងផលប្រយោជន៍ជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri Yong-ho និងមន្ត្រីកូរ៉េខាងជើងកំពូលៗដទៃទៀត»។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ លោក Jeffrey Feltman ត្រូវធ្វើឡើងតែមួយសប្ដាហ៍ប៉ុណ្ណោះ ក្រោយកូរ៉េខាងជើងប្រកាសប្រាប់ពិភពលោក អំពីជោគជ័យលើការបាញ់សាកល្បង មីស៊ីលឆ្លងទ្វីបប្រភេទថ្មី Hwasong-15 ដែលមានសមត្ថភាពបាញ់ដល់ដីគោកទាំងអស់ របស់សហរដ្ឋអាមេរិក។ លោក Jeffrey Feltman នឹងស្ថិtនៅក្នុងប្រទេសកូរ៉េខាងជើង រយៈពេល ០៤ថ្ងៃ។
អ្វីដែលកំពុងតែក្តៅគគុកនោះ គឺបច្ចុប្បន្នសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងកំពុងធ្វើសមយុទ្ធយោធាដែនអាកាស ដ៏ធំបំផុតមិនធ្លាប់មានក្បែរឧបទ្វីបកូរ៉េ ដែលមានយន្តហោះចម្បាំងច្រើនប្រភេទ សរុបជាង ២៣០គ្រឿងចូលរួម ខណៈកូរ៉េខាងជើងក៏បានគំរាមតបវិញដែរថា ទង្វើរបស់សម្ព័ន្ធមិត្តទាំងពីរ គឺកំពុងតែរុញច្រានតំបន់នេះ ទៅរកសង្គ្រាមនុយក្លេអ៊ែរហើយ៕