(វ៉ាស៊ីនតោន)៖ រយៈពេល ២០ឆ្នាំ ក្រោយពីការដាក់បញ្ចាំង លើរោងភាពយន្តជាលើកទី ១ កាលពីឆ្នាំ១៩៩៧ ខ្សែភាពយន្តដ៏ល្បីល្បាញបំផុតមួយនៅលើពិភពលោក «Titanic» នៅតែដិតជាប់ក្នុងបេះដូង របស់អ្នកទស្សនាស្ទើរទូទាំងពិភពលោកជានិច្ច។ ដើម្បីអបអរខួប ២០ឆ្នាំ នាឆ្នាំនេះ Titanic បានវិលត្រឡប់មកវិញសាជាថ្មីម្តងទៀត ក្នុងទម្រង់រូបភាពដ៏ច្បាស់ត្រជាក់ភ្នែកជាងមុន រួមជាមួយនឹងប្រព័ន្ធសំឡេងដ៏អស្ចារ្យ នៅតាមរោងភាពយន្តមួយចំនួន ដែលត្រូវបានជ្រើសរើស នៅទូទាំងសហរដ្ឋអាមេរិក ដោយចាប់ផ្តើមកាលពីថ្ងៃទី០១ ខែធ្នូមក។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០៥ ខែធ្នូ ឆ្នាំ២០១៧។
ខ្សែភាពយន្ត «ទីតានិក» រៀបរាប់ពីដំណើររឿងរ៉ាវស្នេហាដ៏អភ័ព្វ និងរ៉ូមែនទិក Rose DeWiit Bukater ដែលជាកូនអ្នកអភិជន និងជាប់ក្នុងចំណងនៃការភ្ជាប់ពាក្យដោយបង្ខិតបង្ខំ ជាមួយបុរសអ្នកមានដ៏ក្រអើតក្រទមម្នាក់។ Rose បានធ្លាក់ទៅក្នុងអន្លង់ស្នេហ៍ជាមួយបុរសម្នាក់ផ្សេងទៀត ដែលមានឋានៈតូចទាប (ទាសករ) ឈ្មោះថា Jack Dawson ដែលជំរុញគាំទ្រ Rose ឲ្យធ្វើតាមក្តីស្រមៃចង់បានរបស់នាង។ ខណៈនាវានៅក្នុងរឿងនេះ បានលិចចូលទៅក្នុងបាតសមុទ្រដ៏សែនជ្រៅនោះ តារាសម្តែងហូលីវូដ Kate Winslet និង Leonardo DiCaprio ដែលដើរជាតួឯកស្រីប្រុស Rose និង Jack វិញ ទទួលបានប្រជាប្រិយភាពកប់ពពក ពីមហាជន។
គួរជម្រាបថា ខ្សែភាពយន្តទីតានិក គឺផ្អែកទៅលើសោកនាដកម្មពិតនៃនាវា RMS Titanic ដែលជាកប៉ាល់ដឹកអ្នកដំណើររបស់ចក្រភពអង់គ្លេស បានលិចទៅក្នុងមហាសមុទ្រអាត្លង់ទិកភាគខាងជើង កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩១២ បន្ទាប់ពីវាបានប៉ះបង្គិចជាមួយផ្ទាំងទឹកកកដ៏ធំមួយ ក្នុងអំឡុងការធ្វើដំណើរនាវាចរលើកទី០១របស់វា ចេញពីទីក្រុងសោតហាមតុន (Southampton) របស់អង់គ្លេស ទៅកាន់ទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។ ក្នុងសោកនាដកម្មលិចកប៉ាល់នេះ មានមនុស្សតែ ៧១២នាក់ប៉ុណ្ណោះ (ភាគច្រើនបំផុតជាពួកអភិជន) ដែលបានរួចរស់ជីវិត ក្នុងចំណោមមនុស្សប្រមាណ ២,២០៧នាក់ នៅលើកប៉ាល់។
ការលិចកប៉ាល់ Titanic ដែលមានរហស្សនាមថា «កប៉ាល់មិនអាចលិច» នោះ ក៏ជាការប្រៀបធៀបទៅនឹងការផុតរលត់នៃប្រព័ន្ធវណ្ណៈ ដែលហួសសម័យ ក្រោយពីបដិវត្តន៍ឧស្សាហកម្មលើកទី២ផងដែរ៕