(យេម៉ែន)៖ ក្រុមឧទ្ទាមស៊ីអ៊ីតហ៊ូទី បានចាប់អ្នកសារព័ត៌មាន ៤១នាក់ជាចំណាប់ខ្មាំងនៅក្នុងប្រទេសយេម៉ែន នៅថ្ងៃចន្ទសប្តាហ៍នេះ។ នេះបើតាមប្រភពពីដាច់ដោយឡែកចំនួនពីរប្រាប់សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី០៥ ខែធ្នូ ឆ្នាំ២០១៧។
សារព័ត៌មាន Sputnik ផ្អែកលើប្រភាពទំាងពីរខាងលើ បានឱ្យដឹងយ៉ាងដូច្នេះថា «អ្នកឆ្លើយឆ្លងព័ត៌មាន Sputnik មា្នក់ត្រូវបានគេចាប់ជាចំណាប់ខ្មាំង ជាមួយនឹងអ្នកសារព័ត៌មានជាច្រើន នាក់ផ្សេងទៀត នៅក្នុងស្ថានីយទូរទស្សន៍មួយក្នុងប្រទេសយេម៉ែន ដោយសរុបអ្នកសារព័ត៌មានចំនួន ៤១នាក់ ត្រូវបានក្រុមឧទ្ទាមហ៊ូទីចាប់ជាចំណាប់ខ្មាំង»។
ដោយឡែកប្រភពទីពីរ ដែលស្និទ្ធនឹងក្រុមឧទ្ទាមហ៊ូទី ក៏បានទទួលស្គាល់ព័ត៌មាននេះដែរ ហើយថា ពួកគេបានបង្ហាញពីបញ្ជីឈ្មោះ អ្នកសារព័ត៌មានទំាង ៤១នាក់ ជាភាសាអារ៉ាប់ ប៉ុន្តែពួកគេបានបដិសេធឆ្លើយនឹងសំណួរថា តើក្រុមឧទ្ទាមហ៊ូទី ឬក៏អ្នកនរណាមមួយជាអ្នកធ្វើបញ្ជីឈ្មោះនេះឡើយ។
គួរបញ្ជាក់ថា បច្ចុប្បន្នស្ថានភាពនៅក្នុងប្រទេសយេម៉ែន ត្រូវបានគេរំពឹងថា នឹងកាន់តែអាក្រក់ឡើង បន្ទាប់ពីពួកឧទ្ទាមហ៊ូទីមានអ៊ីរ៉ង់ជាខ្នងបង្អែក បានអះអាងថា អតីតប្រធានាធិបតីយេម៉ែន លោក Ali Abdullah Saleh បានស្លាប់បាត់បង់ជីវិត នៅក្នុងការវាយប្រហារមួយរបស់ខ្លួន នៅឯរដ្ឋធានីសាណាអា រីឯក្រុមអ្នកជំនាញថា អារ៉ាប៊ីសាអូឌីត នឹងបង្កើនការវាយ ប្រហារតាមផ្លូវអាកាស ដើម្បីស្ដារនូវរដ្ឋាភិបាលស្របច្បាប់ របស់រដ្ឋាភិបាលប្រធានាធិបតី Abd-Rabbu Mansour Hadi ដែលស្ថិតនៅទីក្រុងអាដែន ប្រទេសយេម៉ែន៕