(ឡុងដ៍)៖ ក្រុមហ៊ុនយក្ស Google បានចាត់តាំងក្រុមការងារមួយ ដែលមានបុគ្គលិករហូតដល់ទៅ ១០,០០០នាក់ ដើម្បីតាមដានវីដេអូនានា ក្នុងបណ្តាញសង្គម Youtube ដែលមានលក្ខណៈជ្រុលនិយមខ្លាំង នាំឲ្យខុសទៅនឹងលក្ខខណ្ឌកំណត់ដ៏តឹងរឹង របស់បណ្តាញសង្គមយក្សធំបំផុតមួយ នៅលើពិភពលោកនេះ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia ដកស្រង់ពីបណ្តាញព័ត៌មាន AFP នាព្រឹកថ្ងៃអង្គារ ទី០៥ ខែធ្នូ ឆ្នាំ២០១៧។
នាយកប្រតិបត្តិខាងផ្នែកគ្រប់គ្រង ការចែករំលែកវីដេអូរបស់ Youtube លោកស្រី Susan Wokcicki បានប្រាប់សារព័ត៌មាន Telegraph របស់អង់គ្លេស នៅថ្ងៃអង្គារនេះតែម្តងថា ក្រុមមនុស្សអាក្រក់ បានប្រើប្រាស់បណ្តាញវែបសាយរបស់យើង ក្នុងការបង្ហោះខ្សែវីដេអូនានា ដែលមានលក្ខណៈជាការ «បំភ័ន្តបន្លំ យាយីអ្នកដទៃ រំខានអារម្មណ៍ និងបង្កទុក្ខទោម្នេញ»។
ជុំវិញបញ្ហាខាងលើនេះដែរ លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស Theresa May បានដាក់សម្ពាធរួចទៅហើយ លើបណ្តាក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធើណែតធំៗ នៅទូទាំងចក្រភពនេះ ដើម្បីបំបាត់ក្រុមផ្សព្វផ្សាយបែបជ្រុលនិយមនានា ក្រោយពីបានកើតមានអំពើភេរវកម្មធំៗ កន្លងមកនេះ។ កាលពីសប្តាហ៍មុន វីដេអូស្តីពីកុមារប្រមាណជាង ១៥០,០០០ឃ្លីប ត្រូវបានដកចេញពី Youtube ក៏ព្រោះតែមានការ Reports និង Comments មិនល្អ (អវិជ្ជមាន) ជាច្រើនពីសំណាក់អ្នកទស្សនា ទៅលើវីដេអូទាំងនោះ។
គួរបញ្ជាក់ថា បន្ថែមពីលើការជួលបុគ្គលិក ១០,០០០នាក់ខាងលើនេះ Google ក៏នឹងធ្វើការអភិវឌ្ឍកម្មវិធី «computer-learning» ដែលជាបច្ចេកវិទ្យាទំនើបថ្មី នឹងអាចមានលទ្ធភាពដឹងដោយស្វ័យប្រវត្តិចំពោះវីដេអូទាំងឡាយណា ដែលត្រូវបានចាត់ថ្នាក់ថា «ខុសនឹងក្រិត្សក្រម Youtube» ជាពិសេសនោះ គឺវីដេអូដែលមានផ្តល់ប៉ះពាល់ដល់កុមារជាចម្បង៕