(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងមិនទាន់ប្រកាសពីការសម្រេចចិត្ត តាមពេលវេលាកំណត់នាថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ថាតើរូបលោកនឹងពន្យាពេលលើការផ្លាស់ប្តូរស្ថានទូតអាមេរិក ប្រចាំប្រទេសអ៊ីស្រាអែល ទៅកាន់ទីក្រុងហ្សេរុយសាឡឹមដ៏ចម្រូងចម្រាសដែរ ឬយ៉ាងណាឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី០៥ ខែធ្នូ ឆ្នាំ២០១៧។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅលើយន្តហោះពិសេស Air Force One របស់ប្រធានាធិបតីអាមេរិក ស្របពេលលោក ដូណាល់ ត្រាំ កំពុងវិលត្រឡប់ពីដំណើរទស្សនកិច្ចមួយនៅឯរដ្ឋ Utah អ្នកនាំពាក្យសេតវិមាន លោក Hogan Gidley បានឲ្យដឹងថា សេចក្តីប្រកាសអំពីការសម្រេចចិត្ត ជុំវិញបញ្ហាខាងលើ នឹងត្រូវបានធ្វើឡើងនៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខវិញ។
តាមពិតទៅលោក ដូណាល់ ត្រាំ ត្រូវធ្វើការសម្រេចចិត្តថា តើនឹងចុះហត្ថលេខាពន្យាពេល ការរុះរើស្ថានទូតរបស់សហរដ្ឋអាមេរិក ពីទីក្រុងតែលអាវីវ (Tel Aviv) ទៅកាន់ទីក្រុងហ្សេរុយសាឡឹម (Jerusalem) សម្រាប់រយៈពេល ០៦ខែទៀតដែរ ឬយ៉ាងណា ដោយទង្វើនេះនាពេលកន្លងមក តែងត្រូវធ្វើឡើងដោយគ្រប់ប្រធានាធិបតីអាមេរិកទាំងអស់ ចាប់តាំងពីសភាអាមេរិក បានអនុម័តច្បាប់មួយលើបញ្ហានេះ កាលពីឆ្នាំ១៩៩៥មក។
ជុំវិញការសម្រេចខាងលើ ក្រុមមន្រ្តីជាន់ខ្ពស់អាមេរិកមួយចំនួនបានបង្ហើបឲ្យដឹងថា លោក ត្រាំ ទំនងជានឹងថ្លែងសុន្ទរកថាមួយនាថ្ងៃពុធសប្តាហ៍នេះ ដែលនឹងទទួលស្គាល់ជាឯកតោភាគី ចំពោះទីក្រុងហ្សេរុយសាឡឹមថាជា រដ្ឋធានីរបស់អ៊ីស្រាអែល ដោយការបោះជំហាននេះ នឹងបំផ្លិចបំផ្លាញគោលនយោបាយរាប់ទសវត្សរ៍របស់អាមេរិក ហើយបង្កឲ្យមានអំពើហិង្សាកាន់តែខ្លាំងថែមទៀតនៅមជ្ឈិមបូព៌ា ក៏ប៉ុន្តែមន្រ្តីទាំងនេះ បានបញ្ជាក់ថា ពុំទាន់មានការសម្រេចចិត្តចុងក្រោយណាមួយ ត្រូវបានធ្វើឡើងនៅឡើយទេ។
គួរជម្រាបថា ជនជាតិប៉ាឡេស្ទីន ចង់បានភាគខាងកើតក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីនៃរដ្ឋនាពេលអនាគតរបស់ពួកគេ ហើយម៉្យាងវិញទៀត សហគមន៍អន្តរជាតិ មិនមានការទទួលស្គាល់ចំពោះ ការទាមទាររបស់អ៊ីស្រាអែល ទៅលើទឹកដីទាំងមូលនៃក្រុងដ៏ពិសិដ្ឋសម្រាប់សាសនាជ្វីប, មូស្លីម, និងគ្រិស្តមួយនេះឡើយ៕