(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទនេះ បាននិយាយថាលោកមានអារម្មណ៍មិនល្អទាល់តែសោះចំពោះលោក Michael Flynn បន្ទាប់ពីអតីត ទីប្រឹក្សាសន្តិសុខជាតិអាមេរិករូបនេះបានសារភាពពីទោសកំហុសធ្វើសេចក្ដីថ្លែងការណ៍កុហក FBI ពាក់ព័ន្ធនឹងកិច្ចសន្ទនាជាមួយអតីតអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងវ៉ាស៊ីនតោន។ ប៉ុន្តែទន្ទឹមគ្នា លោកត្រាំក៏បានបញ្ជាក់ដែរថាការសារភាពរបស់លោក Flynn គឺជារឿងបំផ្លាញខ្លួនឯងតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី០៤ ខែធ្នូ ឆ្នាំ២០១៧។
នៅក្នុងការអត្ថាធិប្បាយជាលើកដំបូងជាសាធារណៈលើបញ្ហានេះ លោក ដូណាល់ ត្រាំ បានប្រដូចការស៊ើបអង្កេតលើលោក Flynn ទៅនឹងការស៊ើបអង្កេតលើអតីតបេក្ខភាពប្រធានា ធិបតីអាមេរិកលោកស្រីហ៊ីលឡារី គ្លីនតុន ទាក់ទិននឹងការប្រើប្រាស់ Email ឯកជន នៅអំឡុងពេលលោកស្រីកាន់តំណែងជារដ្ឋមន្ត្រីការបរទេសអាមេរិក។ មិនតែប៉ុណ្ណោះ លោកត្រាំ ក៏បានសន្និដ្ឋានដែរថាលោកស្រីគ្លីនតុនបានកុហកដល់ក្រុមអ្នកស៊ើបអង្កេត និងថ្កោលទោសថាការចោទប្រកាន់លើខ្លួនជារឿងអយុត្តិធម៌។
សូមរំលឹកថា លោក Michael Flynn បានឆ្លើយប្រាប់ក្រុមការងាររបស់រដ្ឋអាជ្ញាពិសេសលោក Robert Mueller ថា រូបលោកធ្លាប់បានជជែកជាមួយក្រុមមន្រ្តីផ្ទេរអំណាចរបស់លោក ដូណាល់ ត្រាំ នៅមុន និងក្រោយការទាក់ទងជាមួយនឹង អតីតអគ្គរដ្ឋទូតរុស្ស៊ីលោក Kislyak ហើយលោកត្រូវបានបង្គាប់ថា តើត្រូវធ្វើកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយមន្រ្តីរុស្ស៊ីដោយរបៀបណាដោយវា ផ្ទុយពីការអះអាងជាសាធារណៈ ដែលធ្វើឡើងដោយលោកប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលថា លោក Michael Flynn បានប្រព្រឹត្តសកម្មភាពដោយខ្លួនឯង និងល្មើសបញ្ជាថែមទៀត៕