(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយនិងស្ថានការណ៍ទូទាំង សកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ កងកម្លាំងចម្រុះនៃទ័ពអាកាសកូរ៉េខាងត្បូង-អាមេរិក នាថ្ងៃចន្ទនេះបានចាប់ផ្តើមប្រារព្ធការធ្វើសមយុទ្ធផ្លូវអាកាស ដ៏ធំសម្បើមបំផុតរបស់ខ្លួន នៅតំបន់ឧបទ្វីបកូរ៉េដោយមាន ការចល័តយន្តហោះចម្បាំង និងទម្លាក់គ្រាប់បែកប្រមាណ ២៣០គ្រឿង៕

២៖ ការស្ទង់មតិមួយបានឱ្យដឹងថា ៦០ភាគរយនៃស្ត្រីគ្រប់វ័យរៀបការនៅក្នុងប្រទេសជប៉ុន មានការរារែក ឬមិនចង់មានទំនាក់ទំនងស្នេហា ដោយសារតែការកើនឡើង នៃបន្ទុកការងារ៕

៣៖ មជ្ឈមណ្ឌលឃ្លាំមើលគ្រោះរញ្ជួយដីអឺរ៉ុប នៅថ្ងៃចន្ទនេះបានឱ្យដឹងថា គ្រោះរញ្ជួយដីកំរិតមធ្យម ៤.១រ៉ិចទ័រ បានវាយប្រហារលើភាគកណ្ដាលប្រទេសអ៊ីតាលី ស្ថិតនៅចំងាយ ១០៤គីឡូម៉ែត្រ ពីភាគឦសានទីក្រុងរ៉ូម ដែលជាការក្រើនរំលឹកថ្មីមួយ នាំឲ្យគេនឹកដល់គ្រោះមហន្តរាយធ្ងន់ធ្ងរ កាលពីអតីតកាលទោះបីជាពេលនេះវាស្ថិតនៅក្នុងកម្រិតមធ្យម ក៏ដោយចុះ៕

៤៖ កងនាវាអាហ្សង់ទីនបានឱ្យដឹងថា នាវារុករកមួយគ្រឿងបានចាប់ផ្តើមប្រើប្រាស់វិធីទាក់ទងរវាងលោហៈធាតុ នឹងលោហៈធាតុ ជាមួយនាវាមុជទឹកមួយគ្រឿង ដែលផ្ទុកក្រុមនាវិក ៤៤នាក់ និងកំពុងបាត់ខ្លួននៅឡើយ នាមហាសមុទ្រអាត្លង់ទិចខាងត្បូង អស់រយៈពេលជាង ១៨ថ្ងៃមកនេះ៕

៥៖ រដ្ឋមន្ត្រីការបរទេសហ្សកដានី លោក Ayman Safadi បានក្រើនរំលឹកសហរដ្ឋអាមេរិក ពីលទ្ធផលដ៏គ្រោះថ្នាក់មួយនឹងផ្ទុះឡើង បើសិនជាទីក្រុងវ៉ាស៊ីនតោនទទួលស្គាល់ Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែល៕

៦៖ គុយវ៉ែត និងសហរដ្ឋអាមេរិក បានធ្វើកិច្ចពិភាក្សាគ្នាអំពី ការជំរុញបង្កើនកិច្ចសហប្រតិបត្តិការយោធា រវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែធ្នូ ឆ្នាំ២០១៧៕

៧៖ ក្រុមយន្តហោះដឹកជញ្ជូនធុន Y-9 របស់ប្រទេសចិន បានធ្វើការហាត់សមទម្លាក់គ្រឿងសម្ភារៈផ្គត់ផ្គង់យោធា នៅលើកោះមួយ ដែលស្ថិតក្នុងសមុទ្រចិនខាងត្បូង៕