(ប៉េកាំង)៖ ក្រុមយន្តហោះដឹកជញ្ជូនធុន Y-9 របស់ប្រទេសចិន បានធ្វើការហាត់សមទម្លាក់គ្រឿងសម្ភារៈផ្គត់ផ្គង់យោធា នៅលើកោះមួយ ដែលស្ថិតក្នុងសមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី០៤ ខែធ្នូ ឆ្នាំ២០១៧។
បើតាមសេចក្តីថ្លែងការណ៍របស់យោធាជើងអាកាស នៃកងទ័ពរំដោះប្រជាជនចិន PLA ក្រុមយន្តហោះខាងលើ បានហោះចម្ងាយរាប់ពាន់គីឡូម៉ែត្រ ចេញពីខេត្ត Sichuan ភាគនិរតីប្រទេសចិន និងបានបង្ហាញថា វាមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបំពេញប្រតិបត្តិការលើសមរភូមិ ក្រោយពីការហ្វឹកហាត់ផ្លូវឆ្ងាយ នៅលើដែនសមុទ្រជាលើកដំបូង។ ក្បួនយន្តហោះដដែល បានធ្វើលំហាត់សមនេះ ដោយពុំមានសញ្ញាសម្គាល់សិប្បនិម្មិត ទិន្នន័យអាកាសធាតុ ឬក៏ការនាំផ្លូវពីសំណាក់ទីបញ្ជាការឡើយ។
គួរជម្រាបថា គិតមកទល់ពេលនេះ យន្តហោះដឹកជញ្ជូនខ្នាតមធ្យម Y-9 បានធ្លាប់ធ្វើសមយុទ្ធជាច្រើនលើក នៅលើ វាលខ្សាច់ តំបន់ខ្ពស់រាប និងផ្ទៃសមុទ្រ ដោយឆ្លងកាត់លក្ខខណ្ឌអាកាសធាតុលំបាកៗ និងអាក្រក់ៗ ដូចជាព្យុះខ្សាច់ ផ្គររន្ទះ និងខ្យល់បោកបក់យ៉ាងគំហុកៗ។ ការធ្វើសមយុទ្ធនេះ បានកើតមានឡើងស្របពេលនៃ សមយុទ្ធទ័ពអាកាសរវាង សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង កំពុងតែប្រព្រឹត្តទៅផងដែរ នៅតំបន់ឧបទ្វីបកូរ៉េ ដែលកំពុងតែតានតឹងខ្លាំង ក្រោយការកូរ៉េខាងជើងធ្វើតេស្តមីស៊ីលថ្មី៕