(តួកគី)៖ ឬសគល់នៃវិបត្តិនយោបាយនៅប្រទេសតួកគី ចាប់ផ្តើមពីរឿងអាស្រូវ នៃអំពើពុករលួយដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តសម័យទំនើប ក្នុងប្រទេសមួយនេះ។ នយោបាយរបស់ប្រទេសតួកគី គឺកំពុងត្រូវបានគេបំផ្លិចបំផ្លាញ ក្រោមការគ្រប់គ្រងរបស់លោកប្រធានាធិបតី Recep Tayyip Erdogan។
រឿងអាស្រូវនៃអំពើពុករលួយនៅក្នុងឆ្នាំ២០១៣ នោះផងដែរ គឺជាករណីដែលមានការពាក់ព័ន្ធនឹងបុគ្គលសំខាន់ៗជាច្រើន នៅក្នុងជួររដ្ឋាភិបាលនៃប្រទេសតួកគីផងដែរ។ កាលពីខែតុលា ឆ្នាំ២០១៣ ប៉ូលីសបានចាប់ខ្លួនមនុស្សសរុបចំនួន ៥២នាក់ ដែលពួកគេទាំងនោះ គឺមានភ្ជាប់ទំនាក់ទំនងតាមវិធីជាច្រើន ជាមួយគណបក្សយុត្តិធម៌ និងការអភិវឌ្ឍន៍ (AKP) របស់រដ្ឋាភិបាលដែលកំពុងកាន់អំណាច។
ពួកគេទាំងនោះរួមមាន លោក Suleyman Aslan នាយកនៃធនាគាររបស់រដ្ឋ Halkbank, អ្នកជំនួញអ៊ីរ៉ង់ លោក Reza Zarrab និងសមាជិកគ្រួសារជាច្រើននៃខុទ្ទកាល័យរបស់រដ្ឋមន្រ្តី ដែលពាក់ព័ន្ធនឹងការសូកប៉ាន់ អំពើពុករលួយ ការក្លែងបន្លំ ការលាងលុយកខ្វក់ និងការរត់ពន្ធមាស។ បន្ទាប់ពីការមានការប៉ុនប៉ង ធ្វើរដ្ឋប្រហារកាលពីឆ្នាំមុន រដ្ឋាភិបាលគណបក្សយុត្តិធម៌ និងការអភិវឌ្ឍ (AKP) ជាមួយប្រធានាធិបតី លោក Erdogan បានចោទប្រកាន់ លោក Gulen និងអ្នកគាំទ្រលោកថា ជាមេខ្លោងនៅពីក្រោយការធ្វើរដ្ឋប្រហារនេះ។
កាលពីចុងខែវិច្ឆិកាថ្មីៗនេះ សារព័ត៌មាន Reuters អោយដឹងថា សហភាពអឺរ៉ុបបានបដិសេដ មិនទទួលយកទស្សនៈរបស់តួកគីដែលថា បុព្វជិតមូស្លីម Fethullah Gulen ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក គឺជាអង្គការភេរវកម្ម ហើយទាមទារឲ្យមានភស្តុតាងច្បាស់លាស់ ដើម្បីផ្លាស់ប្តូរគោលជំហរ និងទស្សនៈរបស់ខ្លួន។
ថ្មីៗនេះដែរមានករណីមួយ ដែលបានធ្វើឲ្យភ្ញាក់ផ្អើល និងកំពុងវាយប្រហារដល់ប្រទេសតួកគីយ៉ាងខ្លាំង គឺករណីរបស់ លោក Reza Zarrab ដែលជាសាក្សីដ៏សំខាន់ នៅក្នុងការជំនុំជម្រះក្នុងទីក្រុងញូយ៉ក លើបទចោទប្រកាន់ថា អតីតរដ្ឋមន្ត្រីតួកគី និងលោកប្រធានាធិបតី Recep Tayyip Erdogan បានចូលរួមផ្គត់ផ្គង់លុយរាប់លានទៅកាន់អឺរ៉ុង ប្រឆាំងនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក ទៅលើអ៊ីរ៉ង់។
ប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក ក៏បាននិយាយផងដែរថា អតីតទីប្រឹក្សាសន្តិសុខជាតិរបស់ Trump លោក Michael Flynn កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ក្នុងការចោទប្រកាន់ពីបទ ពាក់ព័ន្ធការនិរទេស លោក Zarrab និងលោក Gulen ជាថ្នូរនឹងលុយរាប់សិបលានដុល្លារ។ នេះបើតាមសារព័ត៌មាន AFP ដែលត្រូវបានដកស្រង់ការផ្សាយ នៅថ្ងៃចន្ទ ទី០៤ ខែធ្នូ ឆ្នាំ២០១៧៕
ប្រែសម្រួលដោយ៖ រ៉នី