(តូក្យូ)៖ ការស្ទង់មតិមួយបានឱ្យដឹងថា ៦០ភាគរយនៃស្ត្រីគ្រប់វ័យរៀបការនៅក្នុងប្រទេសជប៉ុន មានការរារែក ឬមិនចង់មានទំនាក់ទំនងស្នេហា ដោយសារតែការកើនឡើង នៃបន្ទុកការងារ។ នេះបើតាម Japan Times ដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៤ ខែធ្នូ ឆ្នាំ២០១៧។
សារព័ត៌មានជប៉ុន Japan Times ផ្អែកលើការស្ទង់មតិ នៃគេហទំព័រ cocoloni.jp ជាទីភ្នាក់ប្រឹក្សាយោបល់ណាត់ជួបគូស្នេហ៍ បានរាយការណ៍ថា បច្ចុប្បន្នស្រ្ដីកំពុងប្រឈមមុខនឹង បន្ទុកការងារកាន់តែច្រើនដូចបុរសនៅក្នុងប្រទេសជប៉ុន ជាហេតុធ្វើឱ្យពួកគេអស់កម្លាំង រហូតដល់ចូលចិត្តគេងនៅលើសាឡុង ឬមើលកម្មវិធីទូរទស្សន៍ ជាជាងទៅណាត់ជួបគូស្នេហ៍ ក្រោយបញ្ចប់ម៉ោងការងារ។
បន្ថែមពីលើនេះការស្ទង់មតិដដែលក៏បានឱ្យដឹងដែរថា ស្ត្រីម្នាក់ក្នុងចំណោមបួននាក់បានសារភាពថា ពួកគេបានដេកលក់នៅចំថ្ងៃគូណាត់ ដោយសារ អស់កម្លាំងពីការងារ ខណៈបើតាមការស្ទង់មតិរបស់គេហទំព័រ Lovely Madia ស្ត្រីជប៉ុនកាន់តែច្រើនគិតថា ការណាត់ជួបគឺជាការខ្ជះខ្ជាយពេលវេលា។
គួរបញ្ជាក់ថា កាលពីនៅអំឡុងឆ្នាំ១៩៨០ ប្រមាណ ៦០ភាគរយ នៃចំនួនយុវជនជប៉ុនមានអាយុ ខ្ទង់ ២០ឆ្នាំ មានទំនាក់ទំនងស្នេហា ប៉ុន្តែសព្វថ្ងៃអ្នកទាំងនេះ បែរជាស្ថិតនៅក្នុងចំណោមអ្នកមិនចាប់អារម្មណ៍លើទំនាក់ទំនងស្នេហាទៅវិញ។ ប្រការនេះក៏ជាក្តីព្រួយបារម្ភធំបំផុតដែរ របស់រដ្ឋាភិបាល ក៏ព្រោះតែអត្រាបង្កកំណើតនៅក្នុងប្រទេស មានកម្រិតកាន់តែទាប និងកំណើតមនុស្សវ័យកណ្តាល និងចំណាស់ក៏កាន់តែច្រើន៕