(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានចោទប្រកាន់ជាសាធារណៈថា សហរដ្ឋអាមេរិកបាននិងកំពុងព្យាយាមដាក់ទណ្ឌកម្ម និងបំបែកបំបាក់សង្គមតួកគី ដោយសារតែរដ្ឋាភិបាលរបស់លោក មិនព្រមធ្វើតាមអ្វីដែលទីក្រុងវ៉ាស៊ីនតោនចង់បាន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី០៤ ខែធ្នូ ឆ្នាំ២០១៧។
លោក Erdogan ថ្លែងបែបនេះ នៅក្នុងសុន្ទរកថាមួយចេញផ្សាយដោយ សា្ថនីយទរទស្សន៍ NTV របស់តួកគីកាលពីថ្ងៃអាទិត្យ នៅក្នុងបរិបទដែលទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងអង់ការ៉ា កំពុងមានភាពតានតឹងនឹងគ្នាដដែល ចាប់តាំងពីមានរដ្ឋប្រហារមិនបានសម្រេច កាលពីឆ្នាំ២០១៦ ក្នុងប្រទេសតួកគី។ លោក Erdogan បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិក បាននិងកំពុងព្យាយាមដាក់ទណ្ឌកម្ម ថ្កោលទោស និងបំបែកបំបាក់ពួកយើង ដោយសារតែពួកយើង មិនព្រមធ្វើតាមសេណារីយ៉ូរបស់ពួកគេ ដែលជាការពិតកំពុងត្រូវបានមនុស្សមួយចំនួន នៅក្នុងប្រទេសរបស់យើងដើរតាម»។
គួរបញ្ជាក់ថា លោក Erdogan ក៏បានចោទប្រកាន់ផងដែរថា សហរដ្ឋអាមេរិកកំពុងគំាទ្រគណបក្សពលករឃើដ PKK ដែលត្រូវបានចាត់ទុកថា ជាអង្គការភេរវកម្មនៅក្នុងប្រទេសតួកគី ខណៈករណីបទឧក្រិដ្ឋប្រឆាំងនឹង ពលរដ្ឋតួកគីនៅសហរដ្ឋអាមេរិក គឺជាផ្នែកមួយនៃសេណារីយ៉ូបំបែកបំបាក់សង្គមតួកគី។
រំលឹកទៅមើលព្រឹត្តិការណ៍ក្រោយការផ្ទុះរដ្ឋប្រហារនៅតួកគី កាលពីខែកក្កដា ឆ្នាំ២០១៦ វាត្រូវបានបណ្តាប្រទេសលោកខាងលិចចាត់ទុកថា គ្រាន់តែជាល្ខោនរបស់ លោក អឺដូហ្គាន់ ដើម្បីបន្តចាក់ឬសឲ្យកាន់តែជ្រៅ ទៅក្នុងការគ្រប់គ្រងអំណាចនៅតួកគីប៉ុណ្ណោះ ហើយចាប់ពីពេលនោះមក ទំនាក់ទំនងរវាងតួកគី និងអឺរ៉ុប រួមទាំងសហរដ្ឋអាមេរិក បានលេចចេញនូវស្នាមប្រេះស្រាំដ៏ធំតែម្តង និងមិនងាយក្នុងការស្តារឡើងវិញនោះឡើយ៕