(អ៊ីតាលី)៖ មជ្ឈមណ្ឌលឃ្លាំមើលគ្រោះរញ្ជួយដីអឺរ៉ុប នៅថ្ងៃចន្ទនេះបានឱ្យដឹងថា គ្រោះរញ្ជួយដីកំរិតមធ្យម ៤.១រ៉ិចទ័រ បានវាយប្រហារលើភាគកណ្ដាលប្រទេសអ៊ីតាលី ស្ថិតនៅចំងាយ ១០៤គីឡូម៉ែត្រ ពីភាគឦសានទីក្រុងរ៉ូម ដែលជាការក្រើនរំលឹកថ្មីមួយ នាំឲ្យគេនឹកដល់គ្រោះមហន្តរាយធ្ងន់ធ្ងរ កាលពីអតីតកាល ទោះបីជាពេលនេះវាស្ថិតនៅក្នុងកម្រិតមធ្យមក៏ដោយចុះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែធ្នូ ឆ្នាំ២០១៧។
យោងតាមមជ្ឈមណ្ឌលឃ្លាំមើលគ្រោះរញ្ជួយដីអឺរ៉ុប គ្រោះរញ្ចួដីនេះបានកើតឡើងនៅម៉ោង ២៣៖៣៤នាទី កាលពីថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់) និងមានជម្រៅសូន្យគីឡូម៉ែត្រទៅក្នុងដី ដោយមិនបានបង្កឱ្យមានពីជនរងគ្រោះ ឬការខូចខាតនោះទេ។ ប៉ុន្តែទន្ទឹមគ្នា គ្រោះរញ្ជួយដីកំរិត ៤.១រ៉ិចទ័រដូចគ្នានេះ ក៏ធ្លាប់បានវាយប្រហារលើតំបន់ Ischia នៃឆ្នេរ Naples កាលពីប៉ុន្មានខែមុនផងដែរ ដោយសម្លាប់មនុស្ស ២០នាក់ និងរបួស៤០នាក់ ព្រមទាំងខូចខាតអគារជាច្រើនខ្នង។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដីវាយប្រហារលើតំបន់ Apennines, Amatrice និងតំបន់ Accumoli នៃប្រទេសអ៊ីតាលីកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ បានផ្ដាច់យកអាយុជីវិត មនុស្ស ២៩៩នាក់៕