(ហ្សកដានី)៖ រដ្ឋមន្ត្រីការបរទេសហ្សកដានី លោក Ayman Safadi បានក្រើនរំលឹកសហរដ្ឋអាមេរិក ពីលទ្ធផលដ៏គ្រោះថ្នាក់មួយនឹងផ្ទុះឡើង បើសិនជាទីក្រុងវ៉ាស៊ីនតោនទទួលស្គាល់ Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែធ្នូ ឆ្នាំ២០១៧។
យោងតាម លោក Ayman Safadi ការទទួលស្គាល់ Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែល អាចនឹងធ្វើឱ្យបណ្ដាប្រទេសអារ៉ាប់ និងអ្នកកាន់សាសនាអ៊ីស្លាមលើពិភពលោក ផ្ទុះកំហឹង។ លោក Safadi បានបញ្ជាក់នៅលើ Twitter ដូច្នេះថា «ខ្ញុំបានប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិក ពីផលវិបាកដ៏គ្រោះថ្នាក់ នៃការទទួលស្គាល់ Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែល... ព្រោះថាការសម្រេចចិត្តបែបនេះ នឹងធ្វើឱ្យបណ្ដាប្រទេសអារ៉ាប់ និងអ្នកកាន់សាសនាអ៊ីស្លាមលើពិភពលោក ផ្ទុះកំហឹង ហើយដែលនេះអាចនឹងបង្កជាភាពតានតឹង ឬជម្លោះ ព្រមទាំងបង្កជាឧបសគ្គដល់កិច្ចខិតខំស្វែងរកសន្តិភាព»។
គួរបញ្ជាក់ថា ការលើកឡើងរបស់ លោក Ayman Safadi កើតមានក្រោយលេចលឺពាក្យចចាមអារ៉ាមជាច្រើនថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងប្រកាសផ្លាស់ប្ដូរស្ថានទូតអាមេរិក ប្រចាំទីក្រុងតែលអាវីល ទៅកាន់ទីក្រុង Jerusalem ក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែកូនប្រសារប្រុស លោក ត្រាំ គឺលោក Jared Kushner បានឱ្យដឹងថា សេតវិមានពុំទាន់មានការសម្រេចចិត្តណាមួយឡើយ ទាក់ទិននឹងការផ្លាស់ប្ដូរស្ថានទូតនេះ រីឯក្រសួងការបរទេសអាមេរិក ក៏មិនទាន់ធ្វើការអត្ថាធិប្បាយអ្វីដែរ៕