(សេអ៊ូល)៖ ភាពតានតឹងនៅឧបទ្វីបកូរ៉េ បានកើនដល់ដំណាក់កាលក្តៅមួយផ្សេងទៀត កាលពីចុងសប្តាហ៍មុននេះ ជាមួយការមកដល់នូវយន្តហោះចម្បាំងបំបាំងកាយធុន F-22 របស់អាមេរិក នៅទឹកដីកូរ៉េខាងត្បូង ដើម្បីចូលរួមសមយុទ្ធរួមរបស់សម្ព័ន្ធមិត្តទាំងពីរ ដែលត្រូវបានគេមើលឃើញថា ជាការតំឡើងសាច់ដុំដាក់កូរ៉េខាងជើង បន្ទាប់ពីប្រទេសកុម្មុយនិស្តមួយនេះ បានបាញ់តេស្តមីស៊ីលផ្លោងសាជាថ្មី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែធ្នូ ឆ្នាំ២០១៧។
ការចល័តយន្តហោះចម្បាំងដ៏ទំនើប មកកាន់តំបន់ឧបទ្វីបបែបនេះ ត្រូវបានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីរបបដឹកនាំទីក្រុងព្យុងយ៉ាង បានសាកល្បងមីស៊ីលផ្លោងឆ្លងទ្វីបជំនាន់ថ្មី Hwasong-15 ដែលត្រូវគេរាយការណ៍ថា មានសមត្ថភាពរត់បានចម្ងាយជាង ១២,៨០០គីឡូម៉ែត្រ និងអាចវាយប្រហារដល់រដ្ឋធានីវ៉ាស៊ីនតោន របស់អាមេរិកបានយ៉ាងងាយ។ ក្រុមអ្នកជំនាញផ្នែកយោធាបានលើកឡើងថា ឱកាសនៃសង្រ្គាមនឹងផ្ទុះឡើងនោះ កំពុងស្ថិតក្នុងកម្រិតខ្ពស់ ខណៈដែលភាគីទាំងសងខាងអាមេរិក និងកូរ៉េខាងជើង កំពុងតែជះសាំងបន្ថែមទៅលើភ្លើង។
យន្តហោះចម្បាំងលំដាប់កំពូលរបស់អាមេរិកធុន F-22 និង F-35 ត្រូវគេជឿជាក់ថា គឺជា ការគំរាមកំហែងដ៏ធំបំផុតមួយ ចំពោះទីក្រុងព្យុងយ៉ាង។ បើតាមការអះអាងរបស់ក្រុមអ្នកវិភាគ ស្របពេលដែលយោធាកូរ៉េខាងជើង មានសព្វាវុធប្រឆាំងដែនអាកាសគួ ឲ្យកត់សម្គាល់ក៏ដោយនោះ ប្រព័ន្ធរ៉ាដារបស់ពួកគេ នៅតែមិនអាចចាប់សញ្ញរបស់ យន្តហោះចម្បាំងបំបាំងកាយទាំងនេះបាន មុនពេលមានការវាយប្រហារ ទៅលើប្រព័ន្ធខែលការពាររបស់ពួកគេនោះឡើយ។
គួរជម្រាបថា សហរដ្ឋអាមេរិកកំពុងបញ្ជូនសព្វាវុធទំនើបៗរបស់ខ្លួន ដើម្បីឲ្យមកចូលរួមការធ្វើសមយុទ្ធផ្លូវអាកាសអាមេរិក-កូរ៉េខាងត្បូងប្រចាំឆ្នាំ។ ល្បែងសង្រ្គាមនោះ ដែលធ្វើឡើងក្នុងគោលបំណងបង្កើតសមត្ថភាពប្រយុទ្ធ នៃសម្ព័ន្ធមិត្តទាំង០២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៤ ដល់ទី០៨ ខែធ្នូ នៅចំពោះមុខការព្រមានធ្ងន់ៗពីកូរ៉េខាងជើងថា សកម្មភាពបង្កហេតុនានា អាចឈានទៅរកការបំផ្ទុះសង្រ្គាមនុយក្លេអ៊ែរបាន នៅគ្រប់ពេលវេលា៕