(គុយវ៉ែត)៖ គុយវ៉ែត និងសហរដ្ឋអាមេរិក បានធ្វើកិច្ចពិភាក្សាគ្នាអំពី ការជំរុញបង្កើនកិច្ចសហប្រតិបត្តិការយោធា រវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែធ្នូ ឆ្នាំ២០១៧។
បើតាមសេចក្តីថ្លែងការណ៍របស់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីនៃក្រសួងការពារជាតិគុយវ៉ែត លោក Khalid Al-Hamad Al-Sabah នាថ្ងៃអាទិត្យ ក្រោយពីបានទទួលជួបពិភាក្សាជាមួយ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក James Mattis ដែលបានមកបំពេញទស្សនកិច្ចប្រទេសគុយវ៉ែត។ ក្រៅពីនេះភាគទាំងពីរ ក៏បានជជែកគ្នាអំពីបញ្ហាពាក់ព័ន្ធផលប្រយោជន៍ នៃប្រទេសទាំងពីរផងដែរ។
គួរជម្រាបថា លោក James Mattis បានមកដល់គុយវ៉ែតនាថ្ងៃអាទិត្យម្សិលមិញ ក្រោមក្របខណ្ឌ នៃដំណើរបំពេញទស្សនកិច្ចរយៈពេល ០៥ថ្ងៃ របស់លោកមកកាន់តំបន់មជ្ឈិមបូព៌ា។ បច្ចុប្បន្នប្រទេសមជ្ឈិមបូព៌ា នៅតែគោលដៅយុទ្ធសាស្ត្រចម្បងរបស់អាមេរិក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងទប់ទល់អំពើភេរវកម្ម ខណៈដែលតំបន់សេដ្ឋីប្រេងលើលោកនេះ ក៏ប៊ិះនឹងជួបប្រទះការបែកបាក់ធ្ងន់ធ្ងរទៅហើយ ពាក់ព័ន្ធនឹងបញ្ហាកាតា កាលពីប៉ុន្មានខែមុន៕