(អាហ្សង់ទីន)៖ កងនាវាអាហ្សង់ទីនបានឱ្យដឹងថា នាវារុករកមួយគ្រឿងបានចាប់ផ្តើមប្រើប្រាស់វិធីទាក់ទងរវាងលោហៈធាតុ នឹងលោហៈធាតុ ជាមួយនាវាមុជទឹកមួយគ្រឿង ដែលផ្ទុកក្រុមនាវិក ៤៤នាក់ និងកំពុងបាត់ខ្លួននៅឡើយ នាមហាសមុទ្រអាត្លង់ទិចខាងត្បូង អស់រយៈពេលជាង ១៨ថ្ងៃមកនេះ ខណៈការរុករកទ្រង់ទ្រាយធំ ត្រូវបានប្រកាសរំសាយកាលពីសប្តាហ៍មុន ដែលបានបង្កឲ្យមានការតវ៉ានៅក្នុងរដ្ឋធានី នៃប្រទេសអាមេរិកខាងត្បូងមួយនេះយ៉ាងខ្លាំងក្លា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែធ្នូ ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យ អ្នកនាំពាក្យកងនាវាអាហ្សង់ទីន លោក Enrique Balbi បានលើកឡើងយ៉ាងដូច្នេះថា «យើងកំពុងស៊ើបអង្កេតលើទំនាក់ទំនងថ្មីមួយ ខណៈនាវារុករកមួយ បានកំណត់ទីតាំងថ្មីនៅជម្រៅ ៩៥០ម៉ែត្រ និងបង្កើតទំនាក់ទំនងលោហៈជាមួយនាវាមុជទឹក ARA San Juan ដែលបានបាត់ខ្លួន»។ លោក Balbi បន្ថែមថា អ្នកស៊ើបអង្កតមួយក្រុម បានធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ ដើម្បីទទួលយកទិន្នន័យស្ដីពី នាវាមុជទឹក TR-1700 នេះ ផលិតនៅក្នុងប្រទេសអាល្លឺម៉ង់ ដែលត្រូវបានអាហ្សង់ទីន កាលពីឆ្នាំ១៩៨៥។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ ក្រុមគ្រួសារសាច់ញាតិនាវិកទំាង ៤៤នាក់ នៃនាវាមុជទឹក ARA San Juan បានប្រមូលផ្ដុំគ្នាតវ៉ាក្នុងទីក្រុង Mar de Plata ទាមទារព័ត៌មានបន្ថែម ក៏ដូចជាជម្រុញឱ្យអាជ្ញាធរអាហ្សង់ទីន បន្តប្រតិបត្តិការជួយសង្គ្រោះ ក្រោយពួកគេសម្រេចចិត្តបញ្ឈប់ប្រតិបត្តិការតាមស្វែងរក ដែលមានបណ្ដាប្រទេសផ្សេងទៀតចូលរួម៕