(អាំមែន)៖ សហរដ្ឋអាមេរិកបានចុះហត្ថលេខា ផ្តល់ជំនួយអភិវឌ្ឍន៍សេដ្ឋកិច្ច ដល់ប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួននៅមជ្ឈិមបូព៌ា គឺរាជាណាចក្រហ្សកដានី ដែលសរុបជាទឹកប្រាក់ចំនួន ៤៧៥លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី០៤ ខែធ្នូ ឆ្នាំ២០១៧។
សម្រាប់ទឹកប្រាក់ខាងលើនេះ គឺជាផ្នែកមួយ នៃគំរោងទឹកប្រាក់ជំនួយសរុបប្រចាំឆ្នាំ ដែលសហរដ្ឋអាមេរិក តែងតែផ្តល់ឲ្យសម្ព័ន្ធមិត្តខ្លួនមួយនេះ ចំនួន ៨២១.៣លានដុល្លារ ដែលត្រូវបានចុះហត្ថលេខា រវាងរដ្ឋមន្ត្រីក្រសួងផែនការ និងកិច្ចសហប្រតិបត្តិការអន្តរជាតិហ្សកដានី លោក Imad Fakhoury និង លោក Jim Barnhart នាយកទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក (UNSAID)។ សហរដ្ឋអាមេរិក បានចាប់ផ្តើមផ្តល់ជំនួយសេដ្ឋកិច្ចដល់ប្រទេសហ្សកដានី គិតមកទល់ពេលនេះគឺជាង ៦០ឆ្នាំមកហើយ។
គួរបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិកបានក្លាយជាដៃគូ អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ហ្សកដានី ជាយូរលង់ណាស់មកហើយ ជាពិសេសគឺការរក្សាស្ថិរភាពសេដ្ឋកិច្ច និងអភិបាលកិច្ចល្អ នៅក្នុងប្រទេសមជ្ឈិមបូព៌ាមួយនេះ។ ដោយឡែកទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើងយ៉ាងខ្លាំងក្លារហូតដល់ទៅ ៨០០ភាគរយ គិតចាប់តាំងពីហ្សកដានី ចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក WTO និងការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី៕