(វ៉ាស៊ីនតោន)៖ កាលពីថ្ងៃសុក្រកន្លងទៅនេះ អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Michael Flynn បានសារភាពថា ខ្លួនពិតបានភូតកុហកចំពោះភ្នាក់ងារ FBI ពាក់ព័ន្ធនឹងករណីដែលរុស្ស៊ី លូកដៃក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកពិតមែន។
ភ្នាក់ងារស៊ើបការណ៍អាមេរិក បានសន្និដ្ឋានប្រកបដោយភាពជឿជាក់ខ្ពស់ថា រដ្ឋាភិបាលរុស្ស៊ី ពិតជាមានជាប់ពាក់ព័ន្ធនឹងការលូកដៃ ក្នុងការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦កន្លងទៅនេះ។ ជាមួយគ្នានេះដែរការវាយតម្លៃក្នុងខែមករា ឆ្នាំ២០១៧កន្លងទៅនេះ ការិយាល័យប្រធានភ្នាក់ងារស៊ើបអង្កេតជាតិ ហៅកាត់ថា ODNI បានចេញសេចក្តីថ្លែងការណ៍ថា ថ្នាក់ដឹកនាំរុស្ស៊ីមានភាពលំអៀងទៅលើបេក្ខជនប្រធានាធិបតី ដូណាល់ ត្រាំ ច្រើនជាងលោកស្រី Clinton។ មិនតែប៉ុណ្ណោះមេដឹកនាំរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានចេញបញ្ជាជាលក្ខណៈឯកជនឱ្យធ្វើយុទ្ធនាការដ៏មានឥទ្ធិពលដើម្បីរារាំងឱកាសបោះឆ្នោតរបស់លោកស្រី Clinton និងផ្តួលរំលំជំនឿរបស់សាធារណជន ទៅលើដំណើរការប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក។
ក្នុងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦ ភ្នាក់ងារស៊ើបការណ៍អាមេរិក បានចេញសេចក្តីថ្លែងការណ៍រួមគ្នាថា ភ្នាក់ងារស៊ើបអង្កេតសហរដ្ឋអាមេរិក ជឿជាក់ថា រដ្ឋាភិបាលរុស្ស៊ី បាន Hack ដោយផ្ទាល់ទៅលើសាអេឡិចត្រូនិចជាមួយនឹងគោលដៅ ក្នុងការលូកដៃក្នុងការដំណើរការ បោះឆ្នោតនៅអាមេរិក។
កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧កន្លងទៅនេះ ភ្នាក់ងារស៊ើបការណ៍យោធារបស់រុស្ស៊ី ហៅកាត់ថា GRU បាន Hack ទៅលើ Server នៃគណៈកម្មាធិការជាតិ ប្រជាធិបតេយ្យ ហៅកាត់ថា DNC និងគណនីនៃសាអេឡិចត្រូនិចរបស់ប្រធានរៀបចំយុទ្ធនាការឃោសនាបោះឆ្នោរបស់លោក Clinton គឺលោក John Podesta ព្រមទាំងបានបញ្ជូនខ្លឹមសារទៅ WikiLeaks ផងដែរ។
យ៉ាងនេះក្តីមន្ត្រីរុស្ស៊ីបានបដិសេធម្តងហើយម្តងទៀតថា ខ្លួនមិនបានជាប់ពាក់ព័ន្ធនឹងការ Hacks ឬការបែកធ្លាយព័ត៌មាននោះឡើយ។ នៅក្នុងខែមករា ឆ្នាំ២០១៧ ប្រធានភ្នាក់ងារស៊ើបអង្កេតជាតិ លោក James Clapper បានបញ្ជាក់ថា រុស្ស៊ី ក៏មានការលូកដៃក្នុងការបោះឆ្នោតនេះផងដែរ ដោយការផ្សព្វផ្សាយព័ត៌មានមិនពិត។
នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ អតីតប្រធានាធិបតីអាមេរិក លោក Barack Obama បានព្រមានលោក ពូទីន តាមរយៈទូរសព្ទឱ្យបញ្ឈប់លូកដៃ បើមិនដូចច្នោះទេ រុស្ស៊ីនឹងប្រឈមមុខនឹងលទ្ធផល។ ហើយក្នុងខែធ្នូ ឆ្នាំ២០១៦ លោក Obama បានចេញបញ្ជាទាមទារបាយការណ៍ ស្តីពីចេតនា Hack ទៅលើការបោះឆ្នោត របស់សហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ២០០៨មក ខណៈដែលសភាអាមេរិក បានអំពាវនាវធ្វើការស៊ើបអង្កេត។ នៅពេលនោះប្រធានាធិបតី Donald Trump បានបដិសេធសេចក្តីថ្លែងការណ៍អំពីការលូកដៃពីសំណាក់បរទេស ព្រមទាំងបញ្ជាក់ថា នេះគ្រាន់តែជាប្រតិកម្មរបស់បក្សប្រជាធិបតេយ្យ បន្ទាប់ពីពួកគេចាញ់ឆ្នោត។
នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ រដ្ឋាភិបាលរបស់លោក អូបាម៉ា បានបណ្តេញមន្ត្រីទូតរុស្ស៊ី ៣៥រូប ព្រមទាំងបដិសេធមិនទទួលស្គាល់ទីតាំងអាគារពីរកន្លែង ដែលកាន់កាប់ដោយរុស្ស៊ី ហើយបានពង្រីកការដាក់ទណ្ឌកម្មទៅលើរដ្ឋាភិបាលរុស្ស៊ី និងបុគ្គលរុស្ស៊ីសំខាន់មួយចំនួន។
លោក Micheal Flynn ត្រូវបានគេបង្ខំឱ្យចុះចេញពីដំណែងកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅនេះ បន្ទាប់ពីមានការរកឃើញថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ លោក Flynn បានពិភាក្សាការដាក់ទណ្ឌកម្មជាមួយលោក Kislak ទាក់ទងនឹងការដាក់ទណ្ឌកម្មទៅលើមន្ត្រីទូតរុស្ស៊ី។ យ៉ាងនេះក្តី លោក Flynn បានទទួលស្គាល់ថា ពិតជាបាននិយាយជាមួយលោក Kislyak ប៉ុន្តែបានបដិសេធពីការពិភាក្សាទាក់ទងនឹងរឿងការដាក់ទណ្ឌកម្ម។
នៅថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៧ សេចក្តីរាយការណ៍ពីសារព័ត៌មាន News York Times បានរាយការណ៍ថា លោក Kislyak បានជួបជាមួយលោក Flynn និងលោក Jared Kushner ក្នុងខែធ្នូ ឆ្នាំ២០១៦ ដើម្បីការតភ្ជាប់ទំនាក់ទំនងជាមួយរដ្ឋាភិបាលរបស់លោក Trump។
ក្នុងខែមិថុនា ឆ្នាំ២០១៧ មានសេចក្តីរាយការណ៍បន្ថែមថា ក្នុងកិច្ចប្រជុំខែធ្នូនោះ លោក Kushner និងលោក Flynn បានស្នើរុស្ស៊ី រៀបចំប្រព័ន្ធទំនាក់ទំនងដោយ ផ្ទាល់ជាមួយរដ្ឋាភិបាលក្រុងម៉ូស្គូ ហេតុនេះ លោក Flynn អាចនិយាយដោយផ្ទាល់ជាមួយមន្ត្រីយោធារុស្ស៊ីអំពីវិបត្តិនៅស៊ីរី និងវិបត្តិផ្សេងទៀត ដោយមិនអាចធ្វើឱ្យភ្នាក់ងារស៊ើបអង្កេតអាមេរិកដឹងបាន។
លោក Kislyak ពេលនោះ មានភាពរារែកក្នុងការអនុញ្ញាតឱ្យអាមេរិក ចូលក្នុងប្រព័ន្ធទំនាក់ទំនងរបស់រុស្ស៊ី ហេតុនេះពុំមានប្រព័ន្ធទំនាក់ទំនងបែបនេះកើតឡើងនោះ ឡើយ។ ដោយឡែកនៅក្នុងខែឧសភា ឆ្នាំ២០១៧ សេចក្តីរាយការណ៍ពីភ្នាក់ងារសារព័ត៌មាន CNN បានឱ្យដឹងថា ក្នុងកិច្ចសន្ទនាដែលចាប់បានដោយ ភ្នាក់ងារស៊ើបការណ៍អាមេរិកមន្ត្រីរុស្ស៊ី បានលើកឡើងថា ពួកគេមានទំនងទំនងយ៉ាងជិតស្និតជាមួយលោក Flynn និងជឿជាក់ថា ពួកគេអាចប្រើប្រាស់លោក ដើម្បីជះឥទ្ធិពលទៅលើលោក Trump និងក្រុមការងាររបស់លោកបាន។
អតីតមន្ត្រីរដ្ឋាភិបាលអូបាម៉ា បានប្រាប់ភ្នាក់ងារ CNN ថា «លោក Flynn ត្រូវបានគេមើលឃើញថា ជាអ្នកបង្កបញ្ហាសន្តិសុខជាតិដ៏សំខាន់» ប៉ុន្តែយ៉ាងនេះក្តី មេធាវីរបស់លោក Flynn បានបដិសេធសារព័ត៌មាន CNN។
កាលពីខែធ្នូ ឆ្នាំ២០១៥ លោក Flynn ទទួលបានប្រាក់៤៥,០០០ដុល្លារ ពីសំណាក់សារព័ត៌មាន Russia Today ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាក្នុងទីក្រុង ម៉ូស្គូ មិនតែប៉ុណ្ណោះ រុស្ស៊ី បានផ្តល់ឱ្យឱ្យលោកនូវដំណើរទស្សនកិច្ចដែលទទួលបានការឧបត្ថម្ភទាំងស្រុង។ ក្នុងរយៈពេលពីរខែក្រោយមក គឺក្នុងខែកុម្ភៈ ឆ្នាំ២០១៦ លោកបានប្រកាសថា លោកមិនទទួលបានប្រាក់ចំណូលអ្វីពីក្រុមហ៊ុនបរទេស ដោយគ្រាន់តែទទួលបានការធ្វើទំនាក់ទំនងបន្តិចបន្តួចជាមួយរុស្ស៊ី។
អ្នកប្រឹក្សាពិសេសលោក Robert Mueller កំពុងស៊ើបអង្កេតទៅលើលោក Flynn ដែលអាចប្រឹងប្រែងដើម្បីទទួលបានសារអេឡិចត្រូនិករបស់លោកស្រី Hillary Clinton ពីពួក Hacker រុស្ស៊ី។ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ មានរបាការណ៍ថា លោក Flynn បានទទួលសារភាពថា ពិតជាមានទំនាក់ទំនងជាមួយទីប្រឹក្សា ពិសេសលោក Robert Mueller ព្រមទាំងមានចេតនា «សេចក្តីថ្លែងការណ៍ ក្លែងបន្លំ» ដល់ភ្នាក់ងារស៊ើបអង្កេត FBI៕