(បរទេស)៖ នៅថ្ងៃសៅរ៍ ទី០២ ខែធ្នូ ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោ សូមទស្សនាដូចខាងក្រោម៖
១៖ កូរ៉េខាងជើង បាញ់កាំជ្រួចអបអរជោគជ័យ ១០០% នៃកម្មវិធីនុយក្លេអ៊ែរ ខណៈអន្តរជាតិកំពុងត្រៀម ទណ្ឌកម្មបន្ថែមទៀត។
២៖ មហាយក្សឥណ្ឌា ប្រកាសពីការចាប់ផ្តើមផលិតនាវាមុជទឹកនុយក្លេអ៊ែរចំនួន០៦គ្រឿង។
៣៖ លោកស្រី អោងសាន ស៊ូជី ជួបពិភាក្សាជាមួយលោក ស៊ី ជិនពីង ដែលបង្ហាញពីការងាកមកស្និទ្ធស្នាលខ្លាំងនឹងមហាយក្សចិន ក្រោយពីត្រូវអាមេរិកគាបសង្កត់រឿងវិបត្តិរ៉ូហ៊ីងយ៉ា។
៤៖ អតីតមន្ត្រីសន្តិសុខជាតិអាមេរិក លោក Flynn សារភាពកំហុសអំពី ការនិយាយកុហកទីភ្នាក់ងារស៊ើបអង្កេត FBI ជុំវិញការលួចទាក់ទងជាមួយមន្រ្តីរុស្ស៊ីកាលពីចុងឆ្នាំ២០១៦។
៥៖ ទីភ្នាក់ងារអវកាស NASA សម្រេចបញ្ឆេះម៉ាស៊ីនរុញច្រានបម្រុងរបស់យានអវកាស Voyager-1 ជាលើកដំបូង ដោយជោគជ័យ ក្នុងរយៈពេល៣៧ឆ្នាំកន្លងទៅ ខណៈវាកំពុងស្ថិតនៅចម្ងាយប្រមាណ ២១ពាន់លានគីឡូម៉ែត្រពីភពផែនដី។
៦៖ ភ្នំភ្លើង Sinabung ដែលស្ថិតក្នុងខេត្តស៊ូម៉ាត្រាខាងជើង នៃប្រទេសឥណ្ឌូណេស៊ី ជះកម្អែលផះរាប់ពាន់ម៉ែត្រទៅលើផ្ទៃអាកាស ខណៈភ្នំភ្លើង Agung នៅលើកោះបាលី នៅតែបន្តឲ្យសញ្ញាមិនស្រួលដដែល អស់រយៈពេលជាច្រើនថ្ងៃមកនេះ។
៧៖ មនុស្សស្លាប់កើនដល់១៧នាក់ ដោយសារតែព្យុះស៊ីក្លូនកំណាចឈ្មោះ Ockhi វាយប្រហារភាគខាងត្បូងឥណ្ឌា៕