(វ៉ាស៊ីនតោន)៖ ស្របពេលរឿងដ៏ធំមួយ បានកើតឡើងនៅលើឆាកនយោបាយ នៃមហាអំណាចអាមេរិក គឺអតីតទីប្រឹក្សាសន្តិសុខជាតិ នៃសហរដ្ឋអាមេរិក លោក Michael Flynn បានផ្តល់ចម្លើយសារភាពថា រូបលោកបាននិយាយភូតកុហក នៅចំពោះមុខទីភ្នាក់ងារស៊ើបអង្កេត FBI ជុំវិញរឿងមានទំនាក់ទំនងជាមួយនិងមន្រ្តីរុស្ស៊ី កាលពីឆ្នាំ២០១៦នោះ តើស្ថានការណ៍វិវឌ្ឍន៍ថ្មីនេះ នឹងជះឥទ្ធិពលអវិជ្ជមានកម្រិតណាដល់ប្រធានាធិបតី លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញដោយសារព័ត៌មានអង់គ្លេស BBC នៅរសៀលថ្ងៃសៅរ៍ ទី០២ ខែធ្នូ ឆ្នាំ២០១៧។
លោក Michael Flynn បានបាត់បង់មុខតំណែងដ៏សំខាន់ជាទីប្រឹក្សាសន្តិសុខជាតិអាមេរិក ដោយសារតែការសន្ទនាកាលពីខែធ្នូ ឆ្នាំ២០១៦ ជាមួយនឹងអតីតឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំទីក្រុងវ៉ាស៊ីនតោន លោក Sergei Kislyak ពោលគឺក្រោយពីលោក ដូណាល់ ត្រាំ បានទទួលជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក។ ឥឡូវនេះ លោក Flynn កំពុងប្រឈមមុខនឹងការចោទប្រកាន់ ពីបទល្មើសព្រហ្មទណ្ឌជាផ្លូវការហើយ។
នេះគឺជាដំណឹងអាក្រក់មួយសម្រាប់ លោក Flynn ក៏ប៉ុន្តែវាអាចនឹងអាក្រក់ជាងនេះទៅទៀត សម្រាប់លោក ដូណាល់ ត្រាំ ដែលធ្លាប់ត្រូវគេរាយការណ៍ថា បានធ្វើការបញ្ចុះបញ្ចូលអតីតនាយក FBI លោក James Comey ដោយផ្ទាល់ ដើម្បីឲ្យលោក Comey បញ្ឈប់ការស៊ើបអង្កេតទៅលើ លោក Flynn មុនសម្រេចបណ្តេញ លោក Comey ចេញពីតួនាទីតែម្តង។
លោក Flynn បានឆ្លើយប្រាប់ក្រុមការងាររបស់រដ្ឋអាជ្ញាពិសេស លោក Robert Mueller ថា រូបលោកធ្លាប់បានជជែក ជាមួយក្រុមមន្រ្តីផ្ទេរអំណាចរបស់ លោក ដូណាល់ ត្រាំ នៅមុននិងក្រោយការទាក់ទងជាមួយនឹង លោក Kislyak ហើយលោកត្រូវបានបង្គាប់ប្រាប់ថា តើត្រូវធ្វើកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយមន្រ្តីរុស្ស៊ីដោយរបៀបណា ហើយនេះគឺផ្ទុយពីការអះអាងជាសាធារណៈ ដែលធ្វើឡើងដោយលោកប្រធានាធិបតីអាមេរិកផ្ទាល់ ដែលថាលោក Flynn បានប្រព្រឹត្តសកម្មភាពដោយខ្លួនឯង និងល្មើសបញ្ជាថែមទៀត។
គួរជម្រាបថា ប្រសិនបើអតីតទីប្រឹក្សាសន្តិសុខជាតិរបស់ លោក ដូណាល់ ត្រាំ រូបនេះ មានភស្តុតាងជាក់ស្តែង ដែលគាំទ្រដល់ចម្លើយសារភាពរបស់លោកនោះ វានឹងក្លាយរឿងដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតមួយ នៅក្នុងដំណើរការស៊ើបអង្កេតទ្រង់ទ្រាយធំនេះ។ វាច្បាស់ណាស់ថា ការស៊ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេស Robert Mueller កំពុងបោះសំណាញ់ច្បាប់ដ៏ទូលាយមួយ ហើយលោក Mueller ទើបតែចាប់បានត្រីដ៏ធំមួយ៕