(វ៉ាស៊ីនតោន)៖ ការសារភាពពីទោសកំហុសរបស់ អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Michael Flynn ពាក់ព័ន្ធនឹងការធ្វើសេចក្ដីថ្លែងការណ៍ក្លែងក្លាយ ទៅឱ្យការិយាល័យស៊ើប អង្កេតសហព័ន្ធ FBI ស្ដីពីជំនួបជាមួយអតីតអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំទីក្រុងវ៉ាស៊ីនតោន លោក Sergei Kislyak បានឈានដល់ចំណុចរបត់ថ្មីមួយទៀត នៃរលកយក្សស៊ូណាមិ បោកបក់លើនយោបាយអាមេរិក ក្នុងបរិបទសេតវិមាន លោក ដូណាល់ ត្រាំ កំពុងដោះសារយករួចខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី០២ ខែធ្នូ ឆ្នាំ២០១៧។
ការចោទប្រកាន់លើ លោក Michael Flynn ត្រូវបានធ្វើឡើងដោយអគ្គរដ្ឋអាជ្ញាពិសេស លោក Robert Mueller នៅក្រោមក្របខណ្ឌ នៃការស៊ើបអង្កេតរបស់លោកជុំវិញរឿងអាស្រូវ នៃការលូកដៃចូលក្នុងកិច្ចការបោះឆ្នោតអាមេរិក កាលពីឆ្នាំ២០១៦ពីសំណាក់រុស្ស៊ី។ លោក Flynn ជាអតីតមន្រ្តីជាន់ខ្ពស់អាមេរិកម្នាក់ដំបូងគេបំផុត នៃរដ្ឋបាលលោក ដូណាល់ ត្រាំ ដែលត្រូវបានចោទប្រកាន់ជាផ្លូវការ។
ជាងនេះទៅទៀត អ្វីគួរឱ្យកត់សម្គាល់នោះគឺ អតីតទីប្រឹក្សាសន្តិសុខអាមេរិករូបនេះ ក៏បានទម្លាយដែរថា លោកបាននិងកំពុងសហការជាមួយ ក្រុមស៊ើបអង្កេតរបស់ លោក Mueller ប៉ុន្តែបើសិនជាគេរកឃើញថា លោក Flynn ពិតជាទោសដូចការចោទប្រកាន់ពិតមែន នោះវាអាចបង្កជាផលប៉ះពាល់ដល់ លោក ដូណាល់ ត្រាំ ខណៈបទចោទប្រកាន់ឃុបឃិតជាមួយរុស្ស៊ី អាចត្រូវបានគេចាត់ទុកថាជា «ទង្វើក្បត់ជាតិ»។
ទោះជាបែបនេះក្ដី សេតវិមានបានចេញមុខដោះសារយករួចខ្លួន ដោយបញ្ជាក់ថា ការសារភាពរបស់ លោក Flynn មានជាប់ពាក់ព័ន្ធតែលោកម្នាក់ឯងតែប៉ុណ្ណោះ។ «គ្មានរឿងអ្វីទាល់សោះទាក់ទិននឹង ការសារភាពពីទោសកំហុស ឬការចោទប្រកាន់លើនរណាម្នាក់ ក្រៅតែពីលោក Flynn ម្នាក់ឯងគត់»។ នេះបើតាមមេធាវីសេតវិមាន លោក Ty Cobb។
គួរបញ្ជាក់ថា បើសិនជាលោក ដូណាល់ ត្រាំ បានបញ្ជាឱ្យលោក Michael Flynn ទំនាក់ទំនងជាមួយមន្ត្រីរុស្ស៊ី នោះវាប្រហែលជាមិនមានការចោទប្រកាន់លើបទឧក្រិដ្ឋប្រឆាំងនឹងរូបលោកឡើយ ប៉ុន្តែវាអាចនឹងក្លាយជាបទឧក្រិដ្ឋ ក្នុងករណីដែលគេរកឃើញភស្ដុតាងថា លោក ត្រាំ បានបញ្ជាឱ្យ លោក Flynn និយាយកុហក FBI។
លោក Flynn កាន់តំណែងជាទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានតែ ២៤ថ្ងៃប៉ុណ្ណោះ ហើយលោកត្រូវបានបង្ខំចិត្តលាលែងពីតំណែង កាលពីថ្ងៃទី១៣ ខែកុម្ភៈ ក្រោយលេចលឺព័ត៌មានថា លោកមានទំនាក់ទំនងជាមួយ អតីតអគ្គរដ្ឋទូតរុស្ស៊ី លោក Sergei Kislyak ដែលជាមន្ត្រីទូតតំណាងឲ្យទីក្រុងម៉ូស្គូនោះ៕