(វ៉ាស៊ីនតោន)៖ បន្ទាប់ពីអតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក និងជាអតីតមន្ត្រីជំនិត លោក ដូណាល់ ត្រាំ គឺលោក Michael Flynn បានសារភាពពីទោសកំហុស ពាក់ព័ន្ធនឹងការធ្វើសេចក្ដីថ្លែងការណ៍ក្លែងក្លាយ ទៅឱ្យការិយាល័យ ស៊ើបអង្កេតសហព័ន្ធ FBI ស្ដីពីជំនួបជាមួយអតីតអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងវ៉ាស៊ីនតោន លោក Sergei Kislyak ប៉ុន្មានសប្ដាហ៍មុននឹង លោក ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិកនោះ នៅពេលនេះមានពាក្យចចាមអារ៉ាមជាច្រើន ត្រូវបានសារព័ត៌មានអាមេរិក ចុះផ្សាយព្រោងព្រាតថា កូនប្រសារប្រុសលោក ដូណាល់ ត្រាំ គឺលោក Jared Kushner អាចមានជាប់ពាក់ព័ន្ធនឹង ការលួចទាក់ទងសម្ងាត់ជាមួយមន្ត្រីរុស្ស៊ីនោះដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី០២ ខែធ្នូ ឆ្នាំ២០១៧។
បើតាមសេចក្ដីថ្លែងការណ៍ពី លោក Michael Flynn ផ្ញើជូនក្រុមរដ្ឋអាជ្ញា ហាក់ដូចជាបានបង្ហាញថា មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ទៀត មានជាប់ពាក់ព័ន្ធនឹងសំណុំរឿង រុស្ស៊ីនេះដែរ ហើយបើទោះជាលោកមិនបានបញ្ចេញឈ្មោះក៏ដោយ តែសារព័ត៌មានអាមេរិកជាច្រើនយល់ថា មន្ត្រីម្នាក់នេះអាចជាកូនប្រសារប្រុស លោក ត្រាំ គឺលោក Jared Kushner។ ប៉ុន្តែទន្ទឹមគ្នាមេធាវី លោក Kushner បានបដិសេធធ្វើអត្ថាធិប្បាយឡើយ ដោយលោកធ្លាប់បានបញ្ជាក់ថា កូនប្រសារប្រុសលោក ដូណាល់ ត្រាំ រូបនេះមានឆន្ទៈសហការជាមួយរដ្ឋអាជ្ញាពិសេសអាមេរិក។
គួរបញ្ជាក់ថា ការចោទប្រកាន់លើ លោក Michael Flynn ត្រូវបានធ្វើឡើងដោយអគ្គរដ្ឋអាជ្ញាពិសេស លោក Robert Mueller នៅក្រោមក្របខណ្ឌនៃការស៊ើបអង្កេតរបស់លោក ជុំវិញរឿងអាស្រូវ នៃការលូកដៃចូលក្នុងកិច្ចការបោះឆ្នោតអាមេរិក កាលពីឆ្នាំ២០១៦ពីសំណាក់រុស្ស៊ី។ លោក Flynn ជាអតីតមន្រ្តីជាន់ខ្ពស់អាមេរិកម្នាក់ដំបូងគេបំផុតនៃរដ្ឋបាលលោក ដូណាល់ ត្រាំ ដែលត្រូវបានចោទប្រកាន់ជាផ្លូវការ។ បន្ថែមពីលើនេះ អ្វីគួរឱ្យកត់សម្គាល់នោះគឺថា អតីតទីប្រឹក្សាសន្តិសុខអាមេរិករូបនេះ ក៏បានទម្លាយដែរថា លោកបាននិងកំពុងសហការជាមួយក្រុមស៊ើបអង្កេតរបស់ លោក Mueller ប៉ុន្តែបើសិនជាគេរកឃើញថា លោក Flynn ពិតជាមានទោសដូចការចោទប្រកាន់ពិតមែន នោះ វានឹងអាចបណ្ដាលផលប៉ះពាល់ដល់ លោក ដូណាល់ ត្រាំ ខណៈបទចោទប្រកាន់ឃុបឃិតជាមួយរុស្ស៊ី អាចត្រូវបានគេចាត់ទុកថាជា «ទង្វើក្បត់ជាតិ»៕