(ម៉ូស្គូ)៖ កូរ៉េខាងជើងមិនចង់ធ្វើសង្រ្គាមនុយក្លេអ៊ែរឡើយ ប៉ុន្តែក្រោយមានការព្រមានជាច្រើនដងពីសហរដ្ឋអាមេរិក ទីក្រុងព្យុងយ៉ាងបានតៀមលក្ខណៈរួចជាស្រេច ទទួលស្វាគមន៍ សង្រ្គាមនុយក្លេអ៊ែរជាមួយទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមសមាជិកសភារុស្ស៊ី លោក Kazbek Taïssaev ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសៅរ៍ ទី០២ ខែឆ្នូ ឆ្នាំ២០១៧។
ការលើកឡើងបែបនេះរបស់ លោក Kazbek Taïssaev ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយ Sputnik បន្ទាប់ពីលោកបានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើង នាពេលថ្មីៗនេះ ក្នុងនាមជាប្រធានប្រតិភូសភារុស្ស៊ី។ លោក Taïssaev បានគូសបញ្ជាក់យ៉ាងដូច្នេះថា «កូរ៉េខាងជើងមិនចង់ធ្វើសង្រ្គាមនុយក្លេអ៊ែរនោះទេ ពួកគេចង់រស់នៅក្នុងជីវិតដូធម្មតា ប៉ុន្តែបន្ទាប់ពីសហរដ្ឋអាមេរិកព្រមានកម្ទេចកូរ៉េខាងជើង ទីក្រុងព្យុងយ៉ាងបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីធ្វើសង្រ្គាមនុយក្លេអ៊ែរ បើសិនជាសង្រ្គាមផ្ទុះឡើង នៅលើឧបទ្វីបកូរ៉េមែននោះ»។
គួរបញ្ជាក់ថា បើតាមលោក Kazbek Taïssaev កូរ៉េខាងជើងបានត្រៀមខ្លួនរួចហើយ សម្រាប់កិច្ចសន្ទនាផ្ដួចផ្ដើមដោយទីក្រុងម៉ូស្គូ។ ក៏ប៉ុន្តែ របបដឹកនាំកូរ៉េខាងជើងក៏ធ្លាប់បាន
អះអាងជាច្រើនដងដែរថា សំណុំរឿងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនមិនអាចយកទៅចរចាជាដាច់ខាត ដរាបណាសហរដ្ឋអាមេរិក មិនព្រមបោះបង់ចោលគោលនយោបាយប្រឆាំងនឹង ទីក្រុងព្យុងយ៉ាង៕