(ប៉េកាំង)៖ ខណៈកំពុងទទួលការដាក់សម្ពាធនិងរិះគន់ខ្លាំងៗ ពីសំណាក់សហរដ្ឋអាមេរិក ជុំវិញវិបត្តិពូជសាសន៍រ៉ូហ៊ីងយ៉ា ប្រធានក្រុមប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី បានធ្វើការជួបពិភាក្សាគ្នា ជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដោយបានបង្ហាញក្តីសង្ឃឹមថា ប្រទេសទាំង០២ នឹងបង្កើនកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅថែមទៀតរវាងគ្នានិងគ្នា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែធ្នូ ឆ្នាំ២០១៧។
នាឱកាសនោះ លោក ស៊ី ជិនពីង បាននិយាយថា ភាគីទាំងពីរ បានយល់ចិត្តនិងគាំទ្រគ្នាទៅវិញទៅមក ព្រមទាំងបានបន្តរក្សាការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជុំវិញបញ្ហានានាពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូល ក៏ដូចជាក្តីកង្វល់ធំៗ របស់ប្រទេសទាំងពីរ។ លោក ស៊ី បានបន្តថា មិត្តភាពរវាងបក្សកាន់អំណាចចិន CPC និងបក្សកាន់អំណាចមីយ៉ាន់ម៉ា NLD បានបន្តអភិវឌ្ឍទៅមុខគួរឲ្យកត់សម្គាល់ ដែលជំរុញឲ្យមូលដ្ឋានគ្រឹះនយោបាយនៃទំនាក់ទំនងចិន-មីយ៉ាន់ម៉ា ព្រមទាំងចំណងមិត្តភាពរវាងពលរដ្ឋប្រទេសទាំងពីរ កាន់តែមានភាពរឹងមាំ។
ចំណែក លោកស្រី អោងសាន ស៊ូជី វិញបានថ្លែងថា ការវិវឌ្ឍទៅមុខនៃទំនាក់ទំនងជាមួយប្រទេសចិន គឺជាសារៈសំខាន់ដ៏ពិសេសមួយសម្រាប់មីយ៉ាន់ម៉ា ដោយលោកស្រីបានរំលឹកឡើង ពីប្រវត្តិសាស្រ្តដ៏យូរអង្វែងនៃចំណងមិត្តភាព រវាងប្រទេសទាំងពីរ ព្រមទាំងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដែលឈរលើការជឿទុកចិត្តនិងការគោរពគ្នាទៅវិញទៅមក។ បន្ថែមពីនេះ លោកស្រី ស៊ូជី ក៏បានសម្តែងការអរគុណដល់ លោក ស៊ី ដែលបានផ្តល់តម្លៃយ៉ាងជ្រាលជ្រៅ ដល់ទំនាក់ទំនងប្រទេសទាំងពីរ ដោយលោកស្រី បានគូសបញ្ជាក់ថា លោកស្រីទទួលអារម្មណ៍ដឹងថាបក្ស CPC និងរដ្ឋាភិបាលចិន ពិតជាយកចិត្តទុកដាក់ជាខ្លាំង ចំពោះចំណងមិត្តភាពនេះ។
គួរជម្រាបថា លោកស្រី អោងសាន ស៊ូជី ក៏បានយល់ព្រមលើសំណើរបស់ចិន ក្នុងការបង្កើតច្រករបៀងសេដ្ឋកិច្ចមីយ៉ាន់ម៉ា-ចិនផងដែរ។ ជំនួបរវាងមេដឹកនាំទាំងពីរ បានកើតមានឡើង ខណៈលោកស្រី ស៊ូជី បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីចូលរួមវេទិកាសន្ទនាជាន់ខ្ពស់រវាងបក្សកុម្មុយនិស្តចិន និងបណ្តាបក្សនយោបាយនៅលើពិភពលោក៕