(ញូដេលី)៖ មហាយក្សលេខ ២ នៅទ្វីបអាស៊ី គឺឥណ្ឌា បានចាប់ផ្តើមការផលិត នាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ មានសមត្ថភាពប្រយុទ្ធចំនួន ០៦គ្រឿង ដែលនឹងបង្កើនឥទ្ធិពលផ្លូវទឹករបស់ទីក្រុងញូដេលីយ៉ាងខ្លាំងក្លា នៅពេលវាផលិតហើយរួចរាល់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែធ្នូ ឆ្នាំ២០១៧។
កម្មវិធីដ៏អាថ៌កំបាំងខាងលើ របស់ទីក្រុងញូដេលី ស្តីពីការសាងសង់នាវាមុជទឹក ប្រើថាមពលនុយក្លេអ៊ែរដោយខ្លួនឯងផ្ទាល់ បានទទួលកាលអនុញ្ញាតកាលពីខែកុម្ភៈ ឆ្នាំ២០១៥។ មេបញ្ជាការកងទ័ពជើងទឹកឥណ្ឌា នាយឧត្តមនាវី Sunila Lanba បានថ្លែងឲ្យដឹងថា «វាបានចាប់ផ្តើមហើយ ហើយខ្ញុំនឹងមិនបញ្ចេញអ្វីផ្សេងទៀតឡើយ ដោយវាគឺជាគម្រោងសម្ងាត់ គ្រាន់តែដឹងថា ដំណើរការនៃការផលិតនាវាមុជទឹកនុយក្លេអ៊ែរ បានចាប់ផ្តើមហើយ»។
គួរជម្រាបថា សព្វថ្ងៃនេះឥណ្ឌាមាននាវាមុជទឹកនុយក្លេអ៊ែរចំនួន ០២គ្រឿង ដោយក្នុងចំណោមនោះរួមមាន INS Arihant ដែលផលិតឡើងក្នុងស្រុក និង INS Chakra ជាប្រភេទនាវាមុជទឹក Akula-class ដែលរដ្ឋាភិបាលទីក្រុងញូដេលី បានជួលពីរុស្ស៊ីរហូតដល់ឆ្នាំ២០២២។ បច្ចុប្បន្នប្រទេសធំៗពីរ ដែលជាអ្នកជិតខាង និងត្រូវបានចាត់ទុកជាការគំរាមកំហែងខ្លាំងសម្រាប់ឥណ្ឌានោះ គឺប្រទេសចិន និងប៉ាគីស្ថាន៕