(សេអ៊ូល)៖ កូរ៉េខាងជើងបានរៀបចំពិធីអបអរសាទរយ៉ាងអធិកអធម អមជាមួយការដើរជាក្បួនដង្ហែរ និងបាញ់កាំជ្រួច ដើម្បីប្រកាសប្រាប់ពិភពលោកជាពិសេស គឺសហរដ្ឋអាមេរិកថា ខ្លួនបានសម្រេចជោគជ័យហើយ នូវកម្មវិធីអាវុធនុយក្លេអ៊ែរ ក្រោយការបាញ់សាកល្បងមីស៊ីលឆ្លងទ្វីប ICBM ប្រភេទថ្មីកាលពីថ្ងៃពុធ។ នេះបើតាម KCNA ដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែធ្នូ ឆ្នាំ២០១៧។
ស្ថានីយ៍ទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសៅរ៍នេះបានឱ្យដឹងថា មន្ត្រីយោធា និងប្រជាជនកូរ៉េខាងជើងរាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នាក្នុងទីក្រុងព្យុងយ៉ាង កាលពីថ្ងៃសុក្រ ដើម្បីអបអរសាទរការសម្រេចបានដោយជោគជ័យ នូវកម្មវិធីអាវុធនុយក្លេអ៊ែរ បន្ទាប់ពីការធ្វើតេស្ដមីស៊ីល Hwasong-15 ដែលបានហោះដល់រយៈកម្ពស់ ៤,៤៧៥គីឡូម៉ែត្រ និង រត់បានចំងាយ ៩៥០គីឡូម៉ែត្រ ក្នុងរយៈពេល ៥៣នាទី មុននឹងធ្លាក់ចូលតំបន់សេដ្ឋកិច្ចផ្ដាច់មុខជប៉ុន នៅឯសមុទ្រខាងកើត។
ជាមួយគ្នានោះដែរ មន្រី្តកំពូលកូរ៉េខាងជើង លោក Pak Kwang-ho បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ចាប់ពេលនេះតទៅ គ្មាននរណាម្នាក់អាចរំលោភបំពានដែនអធិបតេយ្យភាព ការរស់រាន និងការអភិវឌ្ឍរបស់យើងទៀតឡើយ ខណៈយើង សម្រេចបានដោយជោគជ័យ នូវកងកម្លាំងរដ្ឋនុយក្លេអ៊ែរ»។
គួរបញ្ជាក់ថា ក្រោយកូរ៉េខាងជើងធ្វើតេស្ដមីស៊ីល កាលពីថ្ងៃពុធ ប្រធានាធិបតីអាមេរិកបានសន្យាថា នឹងដាក់ទណ្ឌកម្មបន្ថែមកាន់តែធ្ងន់លើកូរ៉េខាងជើង នៅក្នុងបរិបទដែលទីក្រុងសេអ៊ូលយល់ថា ការអបអរសាទររបស់ទីក្រុងព្យុងយ៉ាង មានបំណងពង្រឹងសាមគ្គីភាព នៅក្នុងប្រទេសសំដៅទប់ទល់នឹងទណ្ឌកម្មអន្តរជាតិ៕