(ញូយ៉ក)៖ ក្រុមមន្ត្រីនៃក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UNSC) នឹងជួបប្រជុំគ្នានៅថ្ងៃទី១៥ ខែធ្នូ ខាងមុខនេះ ដើម្បីពិភាក្សាគ្នាលើសំណុំរឿងនុយក្លេអ៊ែរ និងមីស៊ីលកូរ៉េខាងជើង ហើយពួកគេក៏ត្រូវនឹងជួប ក្នុងកិច្ចប្រជុំដាច់ដោយឡែកមួយទៀតផងដែរ សម្រាប់កិច្ចពិភាក្សាស្ដីពីការរំលោភបំពានសិទ្ធិមនុស្សនៅកូរ៉េខាងជើង ជាកិច្ចប្រជុំប្រចាំឆ្នាំមួយដែលចិនតែង តែព្យាយាមរារាំងកាលពីបីឆ្នាំមុន។ នេះបើតាមការចេញផ្សាយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០២ ខែធ្នូ ឆ្នាំ២០១៧។
យោងតាមអគ្គរដ្ឋទូតជប៉ុន លោក Koro Bessho ដែលជាប្រធានសមាជិកទំាង ១៥ នៃក្រុមប្រឹក្សាសន្តិសុខនៅខែធ្នូនេះ ក្រុមរដ្ឋមន្ត្រីជាច្រើនរូបត្រូវបានអះអាងថា នឹងចូលរួមនៅក្នុងកិច្ចប្រជុំនៅថ្ងៃទី១៥ ខែធ្នូដោយផ្ដោតសំខាន់លើសំណុំរឿងនុយក្លេអ៊ែរ និងមីស៊ីលកូរ៉េខាងជើង ព្រមទាំងបញ្ហាសិទ្ធិមនុស្សនៅកូរ៉េខាងជើង ដែលប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែធ្នូ។
ដោយឡែកជុំវិញកិច្ចប្រជុំនេះដែរ ចិនបានបរាជ័យបីលើករួចមកហើយ ក្នុងការព្យាយាមកិច្ចប្រជុំស្ដីពីសិទ្ធិមនុស្សកាលពីពេលមុនៗ ដ្បិតដើម្បីធ្វើដូច្នោះគេត្រូវការសំឡេងគាំទ្រយ៉ាងហោច ណាស់ ០៩សំឡេង ក្នុងចំណោមសមាជិកទំាង ១៥ នៃក្រុមប្រឹក្សាសន្តិសុខ ខណៈចិន រុស្ស៊ី សហរដ្ឋអាមេរិក អង់គ្លេស និងបារាំងមិនអាចប្រើសិទ្ធិវេតូឡើយ។
គួរបញ្ជាក់ថា កិច្ចប្រជុំក្នុងឆ្នាំនេះទទួលបានការគាំទ្រពីសមាជិកចំនួន ០៩ ក្នុងនោះមាន សហរដ្ឋអាមេរិក បារាំង អង់គ្លេស អ៊ីតាលី ជប៉ុន សេណេហ្គាល់ ស៊ុយអែត អ៊ុយក្រែន និងអុយរ៉ាហ្គាយ៕