(វ៉ាស៊ីនតោន)៖ លោក Michael T. Flynn អតីតទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump នឹងសារភាពកំហុស ពីបទកុហកភ្នាក់ងារ FBI អំពីបទសន្ទនាជាមួយមន្ត្រីទូតរុស្ស៊ី កាលខែធ្នូ ឆ្នាំ២០១៦កន្លងទៅនេះ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន New York Times ចេញផ្សាយនៅប៉ុន្មាននាទីមុននេះ។
ការសារភាពកំហុសនេះ ជាការចង្អុលបង្ហាញចុងក្រោយថា លោក Flynn បានធ្វើកិច្ចសហការជាមួយទីប្រឹក្សាពិសេសក្នុងកិច្ចការដែលរុស្ស៊ីបានលូកដៃក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦កន្លងទៅនេះ។ លោក Flynn គ្រោងនឹងបង្ហាញមុខក្នុងតុលាការសហព័ន្ធនៅក្នុងទីក្រុង វ៉ាស៊ីនតោន នៅវេលាម៉ោង ១០ និង៣០នាទីព្រឹកថ្ងៃសុក្រ(ម៉ោងក្នុងតំបន់)។
លោក Flynn ត្រូវរងការចោទប្រកាន់ពីបទ មានចេទនាពេញលេញ ក្នុងការធ្វើសេចក្តីថ្លែងការកុហកចំពោះភ្នាក់ងារ FBI ខណៈកំពុងកាន់ដំណែងក្នុងរដ្ឋាភិបាលរបស់លោក Donald Trump។ សេចក្តីថ្លែងការណ៍ចេញពីតុលាការនៅថ្ងៃសុក្រ បង្ហាញថាអតីតទីប្រឹក្សារូបនេះ ត្រូវចោទប្រកាន់តែមួយករណីតែប៉ុណ្ណោះ គឺការធ្វើសេចក្តីការណ៍កុហក៕