(វ៉ាស៊ីនតោន)៖ ហ្វូស៊ីល-ស៊ុតជាង ២០០គ្រាប់របស់សត្វ P​terosaurs ត្រូវបានគេរកឃើញ​នៅក្នុង​ប្រទេសចិន ហើយដែល​របកកំហើញនេះ នឹងក្លាយជា​ការបកស្រាយ​មួយនៃ​ដំណើរ ជីវិតរបស់សត្វ​ស្លាបក្នុងជំនាន់​ដៃណូស័រ។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០១៧។

ហ្វូស៊ីលស៊ុត ​Pterosaurs ឬគេស្គាល់ថា Hamipterus ដែលក្រុម​អ្នកវិទ្យាសាស្ត្រ​រកឃើញ​នៅឯ​តំបន់ Turpan-Hami Basin ស្ថិតនៅក្នុងខេត្ត Xinjiang ភាគពាយ័ព្យ​ប្រទេសចិន ត្រូវបានចុះផ្សាយ​នៅលើទស្សនាវដ្ដី​អាមេរិក U.S. journal Science។​

ដោយឡែក ថ្លែងប្រាប់អ្នក​សារព័ត៌មាន អ្នកវិទ្យាសាស្ត្រចិន​មួយរូបមក​ពី វិទ្យាស្ថានបុរាណវិទ្យា​នៃបណ្ឌិតសភា វិទ្យាសាស្ត្រចិន លោក Xiaolin Wang បានលើក​ឡើងយ៉ាងដូច្នេះថា «ខ្ញុំពិតជាមាន​អារម្មណ៍​រំភើប និងបានប្រមូលស៊ុត​ទាំងនោះ​ដោយប្រុងប្រយ័ត្ន​ជាទីបំផុត...»
 
បុរាណវិទូបានសង្កត់ធ្ងនទៀតថា «មួយវិញ​ទៀត​ផ្អែកលើ​របកគំហើញនេះ យើងអាចសន្និដ្ឋាន​បានថា កូនតូច​របស់សត្វ ​Pterosaurs ទំនងជាដើរ​នៅលើដី ប៉ុន្តែមិនអាច​ហោះ​នៅលើអាកាស​បាននោះទេ ដោយសារតែ​ស្លាបពួកវាមាន​ការវិវត្តន៍ មិនល្អ​នៅក្នុង​អុំប្រ៊ីយ៉ុង។ យើងបានដឹងថា ស៊ុត និងអុំប្រ៊ីយ៉ុង​ជាច្រើនផ្សេងទៀត​នៅទីនោះ តែយើងនៅ​ត្រូវការពេល​វេលាបន្ថែម ដើម្បី​សិក្សាស្រាវជ្រាវ​ពីភាព​អស្ចារ្យនៃ Pterosaurs»

គួរបញ្ជាក់ថា បើតាមក្រុមអ្នក​វិទ្យាសាស្ត្រ Pterosaurs គឺជាប្រភេទ​សត្វមាន​ឆ្អឹងខ្នង ដែលអាច​ហោះហើរ ឬអាចចាត់ទុក​បានថា ជាស្ដេចនៅលើ​អាកាសនៅសម័យ​យុគដាយណូស័រ មាន អាយុកាលពី ២៥២លានឆ្នាំ ទៅ ៦៦លានឆ្នាំមុន។ ចំណែកឯ​ស៊ុតជាង ២០០គ្រាប់ ខាងលើរបស់ Pterosaurs ត្រូវបានគេសន្និដ្ឋាន​ថា មានអាយុកាល ១២០លានឆ្នាំមុន៕