(រ៉ង់ហ្គូន)៖ ប្រទេសមីយ៉ាន់ម៉ា កំពុងរៀបចំសេចក្តីព្រាងច្បាប់ ដើម្បីបង្កើតទីផ្សារកៅស៊ូកណ្តាលមួយ ដែលពោពេញដោយសក្តានុពល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០១៧។
ទីផ្សារដំណាំកៅស៊ូ ដែលត្រូវបានគ្រោងឡើងនេះ ព្រមទាំងត្រូវបានគេព្យាករណ៍ថា នឹងបញ្ចេញតម្លៃទីផ្សារ ក៏ដូចជាគ្រប់គ្រងតម្លៃនិងរក្សាគុណភាពនោះ នឹងក្លាយជាទីកន្លែងដ៏មមាញឹកមួយ សម្រាប់ឲ្យបណ្តាអាជីវកម្មក្នុងស្រុក និងបរទេស នាំគ្នាធ្វើការដេញថ្លៃ ដើម្បីប្រជែងយកផលិតផលកៅស៊ូ។
ប្រមាណ ៧០ភាគរយ នៃដំណាំកៅស៊ូរបស់មីយ៉ាន់ម៉ា ត្រូវបាននាំចេញទៅកាន់ប្រទេសចិន តាមច្រកព្រំដែន។ កៅស៊ូជាចម្បងត្រូវបានដាំដុះឡើងនៅរដ្ឋ Mon ភាគខាងត្បូង និងរដ្ឋ Kayin ភាគអាគ្នេយ៍ នៃប្រទេសមីយ៉ាន់ម៉ា ព្រមទាំងនៅតាមតំបន់ Tanintharyi, Yangon (រ៉ង់ហ្គូន), និង Bago ផងដែរ។
ស្ថិតិបង្ហាញថា ចម្ការកៅស៊ូនៅទូទាំងប្រទេសអាស៊ានមួយនេះ មានផ្ទៃដីទំហំ ៦៧៦,៣០០ហិកតា តែមានត្រឹមប្រមាណ ២៨៣,៥០០ហិកតាប៉ុណ្ណោះ ដែលអាចផលិតកៅស៊ូធម្មជាតិបាន។ នៅក្នុងរយៈពេល ០៧ខែ ដំបូងនៃឆ្នាំសារពើពន្ធបច្ចុប្បន្ន ឆ្នាំ២០១៧-២០១៨ មីយ៉ាន់ម៉ារកចំណូលបាន ៨៩លានដុល្លារ ពីការនាំចេញកៅស៊ូ ដែលកើនបាន ២៦លានដុល្លារ បើធៀបនឹងថេរវេលាដូចគ្នា នៃឆ្នាំសារពើពន្ធ២០១៦-២០១៧។
គួរជម្រាបថា ផលិតផលកៅស៊ូជាង ៩០ភាគរយ នៃផលិតផលកៅស៊ូសរុប បានចូលទៅក្នុងទីផ្សារនាំចេញ ប៉ុន្តែការនាំចេញនេះទទួលបន្ទុកតែ ១.៦ភាគរយប៉ុណ្ណោះ នៅក្នុងបរិមាណកៅស៊ូក្នុងទីផ្សារពិភពលោក។ នៅក្នុងទីផ្សារនាំចេញ តម្លៃកៅស៊ូរបស់មីយ៉ាន់ម៉ា មានកម្រិតទាប ដោយសារតែភាពអន់ខ្សោយនៃគុណភាព និងបច្ចេកវិទ្យា៕