(សេអ៊ូល)៖ កូរ៉េខាងត្បូងបាននិយាយថា គ្រាប់មីស៊ីលដែលកូរ៉េខាងជើង បានបាញ់សាកល្បងកាលពីថ្ងៃពុធ អាចបាញ់ដល់ដីគោករបស់សហរដ្ឋអាមេរិក ប៉ុន្តែទីក្រុងព្យុងយ៉ាង នៅតែត្រូវបង្ហាញពីបច្ចេកវិទ្យាដ៏សំខាន់ជាមុនសិន នោះគឺបច្ចេកវិទ្យាពាំក្បាលគ្រាប់នុយក្លេអ៊ែរ ចូលទៅក្នុងបរិយាកាស។ នេះបើតាមរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Song Young-moo ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០១៧។
លោក Song Young-moo ថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃសុក្រនេះ ក្រោយកូរ៉េខាងជើងប្រកាសពីជោគជ័យ នៃការធ្វើតេស្ដមីស៊ីលឆ្លងទ្វីបប្រភេទថ្មី Hwasong-15។ លោករដ្ឋមន្ត្រីការពារជាតិរូបនេះ បានបន្ថែមដូច្នេះថា «លោក គីម ជុងអ៊ុន កំពុងធ្វើសកម្មភាព តាមរយៈការគណនា និងភាពវ័យឆ្លាត... លោកបានផ្លាស់ប្ដូរ ពេលវេលាបាញ់សាកល្បងមីស៊ីល គោលដៅ និងរយៈចំងាយ ហើយមិនតែប៉ុណ្ណោះលោកអាចនឹងធ្វើសេចក្ដីប្រកាសដ៏អស្ចារ្យមួយ នៅថ្ងៃចូលឆ្នាំថ្មីខាងមុននេះ នោះគឺអះអាងថា កូរ៉េខាងជើងសម្រេចបាន ដោយជោគជ័យនូវកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន... ប៉ុន្តែទន្ទឹមគ្នាទីក្រុងព្យុងយ៉ាងនៅតែត្រូវបង្ហាញពី បច្ចេកវិទ្យាដ៏សំខាន់ជាមុនសិន នោះគឺបច្ចេកវិទ្យាពាំក្បាលគ្រាប់នុយក្លេអ៊ែរ ចូលទៅក្នុងបរិយាកាស»។
គួរបញ្ជាក់ថា បើតាមក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង កូរ៉េខាងជើងអាច នឹងបន្តធ្វើសកម្មភាពបង្ករឿង ជាមួយការបាញ់សាកល្បងមីស៊ីល ឬអាវុធនុយក្លេអ៊ែរសាជាថ្មី ខណៈពួកគេប្រកាសប្រាប់ពិភពលោកថា Hwasong-15 អាចបាញ់ដល់គ្រប់ទីកន្លែង រួមទាំងដីគោករបស់សហរដ្ឋអាមេរិក៕