(អារ៉ាប៊ីសាអូឌីត)៖ គណៈកម្មាធិការប្រឆាំងអំពើពុករលួយថ្មីរបស់ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នាពេលកន្លងទៅនេះ បានឈានដល់ការចាប់ខ្លួនព្រះអង្គម្ចាស់ និងមន្ត្រីជាន់ខ្ពស់ ១៧រូប។ នេះបើតាមប្រភពពីមន្ត្រីតុលាការជាន់ខ្ពស់ និងបញ្ជីឈ្មោះដែលទទួលបានដោយបណ្តាញសារព័ត៌មានអាមេរិក CNN ត្រូវបានដកស្រង់នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧។
ក្នុងបញ្ជីឈ្មោះខាងលើ មានរួមបញ្ជូលទាំងព្រះអង្គម្ចាស់ Alwaleed bin Talal ជាពាណិជ្ជករ-មហាសេដ្ឋី ដែលកាន់កាប់ភាគហ៊ុននៃក្រុមហ៊ុនលំដាប់ពិភពលោក រួមមានដូចជា ក្រុមហ៊ុន Citigroup ក្រុមហ៊ុន Twitter ក្រុមហ៊ុន Apple និងក្រុមហ៊ុន News Corp ជាដើម។
បណ្តាញសារព័ត៌មាន CNN ទទួលបានបញ្ជីឈ្មោះបុគ្គលចំនួន១៧រូប ដោយក្នុងនោះរួមមានទាំងប្រធានតុលាការ លោក Khaled Al-Tuwaijri និង លោក Waleed Al-Ibrahim ដែលជាបុគ្គលលេចធ្លោមួយរូប ក្នុងវិស័យសារព័ត៌មាន និងព្រះអង្គម្ចាស់ Prince Turki bin Nasser ជាដើម។ អតីតអនុរដ្ឋមន្ត្រីនិងមន្ត្រី កំពុងកាន់អំណាចបច្ចុប្បន្នចំនួន៣៨រូប ក៏ត្រូវបានចាប់ខ្លួន ក្នុងបទចោទប្រកាន់ស្តីពីការប្រព្រឹត្តអំពើពុករលួយផងដែរ។
ក្រៅពីនេះនៅមានមន្ត្រីបីរូប ដែលត្រូវបានទម្លាក់ពីដំណែង និងអតីតមន្ត្រី១០រូបផ្សេងទៀត ត្រូវបានចាប់ខ្លួន ក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយយ៉ាងក្តៅគគុក ក្រោមការផ្តួចផ្តើមគំនិតពីសំណាក់ព្រះចៅ Salman bin Abdulaziz Al-Saud។ ព្រះរាជាអារ៉ាប៊ីសាអូឌីតរូបនេះ បានចេញបញ្ជាឱ្យបង្កើតគណៈកម្មាធិការប្រឆាំងអំពើពុករលួយ ដែលជាផ្នែកមួយនៃសកម្មភាព ធ្វើកំណែទម្រង់របៀបវារៈ ក្នុងគោលដៅដោះស្រាយវិបត្តិនានា ដែលបានរារាំងដល់កិច្ចប្រឹងប្រែងក្នុងការអភិវឌ្ឍន៍ អាណាចក្រអារ៉ាប៊ីសាអូឌីតក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងទៅនេះ។
រំលឹកកាលពីដើមខែវិច្ឆិកា កន្លងទៅមួយខែមកនេះ ព្រះចៅ សាល់ម៉ាន់ នៃរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានបើកដៃឲ្យមានការចាប់ខ្លួន ព្រះបុត្រាចំនួន ១១អង្គ រួមទាំងរដ្ឋមន្ត្រី និងអតីតរដ្ឋមន្ត្រីជាច្រើនរូបទៀត ដោយចោទប្រកាន់ថា ពួកគេមានចេតនាក្បត់ ចំពោះព្រះបុត្រាស្នងរាជ្យ ព្រះនាម ម៉ូហាំម៉េដ ប៊ីន សាល់ម៉ាន់ ព្រមទាំងមានជាប់ពាក់ព័ន្ធ ទៅនឹងអំពើពុករលួយ។
ក្រៅពីចំណាត់ការក្តៅ ដើម្បីត្រួសត្រាយផ្លូវដឹកនាំប្រទេស សម្រាប់ព្រះរាជ្យបុត្រារបស់ព្រះអង្គ ទៅថ្ងៃអនាគតនោះ ព្រះចៅ សាល់ម៉ាន់ ក៏បានផ្លាស់ប្តូរតំណែងរដ្ឋមន្ត្រីពីររូបផងដែរ ដើម្បីឲ្យកាន់តំណែងផ្នែកសន្តិសុខ និងរដ្ឋបាលសាធារណៈ ដើម្បីធានាឲ្យបាននូវភាពស្មោះត្រង់ និងសន្តិសុខសម្រាប់រាជវង្សានុវង្ស។ ជាងនេះទៅទៀត ព្រះមហាក្សត្រដ៏ជរាអង្គនេះ ក៏បានបង្កើតនូវស្ថាប័នប្រយុទ្ធប្រឆាំងអំពើពុករលួយថ្មី ដែលដឹកនាំដោយព្រះរាជទាយាទ ប៊ីន សាល់ម៉ាន់ ផ្ទាល់។
ក្រោយមកតែប៉ុន្មានថ្ងៃប៉ុណ្ណោះ នៅដើមខែវិច្ឆិកាដដែល បណ្ដាមហាសេដ្ឋីពាន់លានជាច្រើននាក់ នៅអារ៉ាប៊ីសាអូឌីត កំពុងប្រញាប់ប្រញាល់យកទ្រព្យសម្បត្តិរបស់ពួកគេ ចេញពីប្រទេស មុននឹងក្រុមមន្ត្រីរឹបអូសប្រាក់ជាង ៨០០ពាន់លានដុល្លារ ខណៈមនុស្សច្រើនជាង ២០០នាក់ ត្រូវបានចាប់ខ្លួនក្រោមក្របខណ្ឌនៃយុទ្ធនាការបោសសំអាត អំពើពុករលួយដឹកនាំដោយ រាជទាយាទ គឺព្រះអង្គម្ចាស់ Mohammed bin Salman។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Daily Mail នៅល្ងាចថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧។
ព័ត៌មានបានបន្តទៀតថា ក្រុមគ្រួសាមហាសេដ្ឋីអាប៊ីសាអូឌីតមួយចំនួន បាននិងកំពុងចរចាជាមួយធនាគារ និងក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិ ដើម្បីបង្វិលទ្រព្យសម្បត្តិរបស់ពួកគេ ចេញពីប្រទេស ដោយខា្លចក្រែងថា ត្រូវបានរឹបអូសដោយអាជ្ញាធរប្រឆាំងអំពើពុករលួយ។ ដោយឡែក ជុំវិញសេចក្ដីរាយការណ៍នេះដែរ អគ្គព្រះរាជអាជ្ញាអារ៉ាប៊ីសាអូឌីតបានឱ្យដឹងថា មនុស្ស ២០៨នាក់ ត្រូវបានកោះហៅមកសាកសួរនៅក្នុងការស៊ើបអង្កេតដែលបានវាយតម្លៃថា ប្រាក់រាប់ពាន់លានដុល្លារ ត្រូវបានគេប្រើប្រាស់ដោយខុសច្បាប់ តាមរយៈការកេងប្រវ័ញ្ច និងប្រព្រឹត្តអំពើពុករលួយ។ បន្ថែមពីលើនេះ ក្នុងពេលបច្ចុប្បន្នគណនីធនាគារ ១,៧០០ ត្រូវបានបង្កកជាបណ្ដោះអាសន្ន រីឯទ្រព្យសម្បត្តិមួយចំនួនត្រូវបានរឹបអូសដោយរដ្ឋាភិបាល។
សម្រាប់ស្ថានការណ៍វិវឌ្ឍន៍ចុងក្រោយ គឺកាលពីចុងខែវិច្ឆិកា កន្លងទៅថ្មីៗនេះព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Miteb bin Abdullah ដែលស្ថិតនៅក្នុងចំណោមអ្នកជាប់ឃុំ ក្នុងសណ្ឋាគារផ្កាយប្រាំ Ritz-Carlton ក្នុងទីក្រុងរីយ៉ាដ ពីបទពុករលួយត្រូវបាន អនុញាតឱ្យនៅក្រៅឃុំ បន្ទាប់ពីបានយល់ព្រមទទួលយកការផ្សះផ្សា ជាមួយអាជ្ញាធរអារ៉ាប៊ីសាអូឌីត។
យោងតាមអាជ្ញាធរអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Miteb bin Abdullah មានព្រះជន្ម ៦៥វស្សា បានយល់ព្រមបង់ប្រាក់ជាង ០១ពាន់លានដុល្លារ និងព្រមទទួលយកការចោទប្រកាន់ពី បទពុករលួយ ដើម្បីជាថ្នូរនឹងការដោះលែងឱ្យមានសេរីភាព។ ប៉ុន្តែពុំមានព័ត៌មានជាក់លាក់ណាមួយបញ្ជាក់ថា ព្រះអង្គត្រូវបានគេដោះលែង ឬបញ្ជូនទៅកាន់កន្លែងផ្សេងទៀត ឬក៏កំពុងជាប់ឃុំនៅក្នុងផ្ទះ ឬក៏យ៉ាងណានោះទេ ខណៈមនុស្ស ០៣នាក់ ផ្សេងទៀតក៏ត្រូវគេជឿជាក់ថា អាចនឹងត្រូវបានដោះលែងផងដែរ។
គួរបញ្ជាក់ថា ព្រះអង្គម្ចាស់ Miteb bin Abdullah គឺជាបុត្រាមួយអង្គនៃអតីតស្ដេច Abdullah ហើយក៏ជាបេក្ខជនដែលធ្លាប់ត្រូវបានគេរំពឹងខ្ពស់ថា អាចនឹងគ្រងរាជ្យជាសេ្ដចអារ៉ាប៊ីសាអូឌីត។ ព្រះអង្គម្ចាស់រូបនេះ រួមទាំងរដ្ឋមន្ត្រី មហាសេដ្ឋី និងព្រះអង្គម្ចាស់ជាច្រើនអង្គ ត្រូវបានអាជ្ញាធរចាប់ខ្លួន នៅក្នុងក្របខ័ណ្ឌនៃយុទ្ធនាការកម្ចាត់អំពើពុករលួយ ដឹកនាំដោយ ព្រះអង្គម្ចាស់រាជទាយាទ Mohammed bin Salman កាលពីដើមខែវិច្ឆិកាកន្លងទៅ ដែលគេមើលឃើញថា គឺជាយុទ្ធសាស្ត្រមួយរបស់ព្រះអង្គ ក្នុងការពង្រឹងអំណាចមុននឹងឡើង សោយរាជ្យ៕