(តូក្យូ)៖ គណៈកម្មការពិសេសមួយ ដែលមាននាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ ជាប្រធានទីបំផុតបានព្រមព្រៀងលើកាលបរិច្ឆេទ នៃគម្រោងដាក់រាជ្យសម្បត្តិរបស់ព្រះចៅអធិរាជ អាគីហ៊ីតុ (Akihito) ដោយថា គួរតែប្រព្រឹត្តទៅនាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩។ នេះបើតាមការសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុន NHK ដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០១៧។
ព្រះចៅអធិរាជ Akihito ដែលធ្លាប់បានឆ្លងកាត់ការវះកាត់បេះដូង និងទទួលការព្យាបាលជំងឺមហារីកថែមទៀតនោះ បានមានបន្ទូលនៅក្នុងឱកាសថ្លែងសារដ៏កម្រមួយកាលពីឆ្នាំទៅថា ព្រះអង្គមានព្រះទ័យព្រួយកង្វល់ជាខ្លាំងថា បញ្ហាព្រះជន្មប្រហែលជាអាចធ្វើឲ្យទ្រង់ជួបការលំបាក ក្នុងការបំពេញព្រះរាជកិច្ចនានា។
គួររំលឹកថា កាលពីខែមិថុនា ឆ្នាំ២០១៧ ច្បាប់មួយត្រូវបានអនុម័ត ដើម្បីផ្តល់ការអនុញ្ញាតឲ្យព្រះចៅអធិរាជ Akihito អាចដាក់រាជ្យបាន ក៏ប៉ុន្តែកាលនោះមិនទាន់មានការសម្រេច អំពីកាលបរិច្ឆេទកំណត់ច្បាស់លាស់នៅឡើយទេ។ ម៉្យាងវិញទៀត ការដាក់រាជ្យរបស់ទ្រង់ នឹងក្លាយជាលើកទី ១ ហើយ ក្នុងប្រវត្តិសាស្រ្តនៃព្រះចៅអធិរាជជប៉ុន នៅអំឡុងពេលប្រមាណជា០២សតវត្សរ៍ចុងក្រោយនេះ។ បន្ទាប់ពីការដាក់រាជ្យ ព្រះបុត្រាច្បងរបស់ទ្រង់ Akihito គឺព្រះអង្គម្ចាស់ ណារូហីតុ (Naruhito) នឹងឡើងគ្រងរាជ្យបន្តពីទ្រង់៕