(អាហ្សង់ទីន)៖ កងនាវាអាហ្សង់ទីនបាននិយាយថា ខ្លួនបានសម្រេចចិត្តបោះបង់ចោល ប្រតិបត្តិការជួយសង្រ្គោះនាវិកទំាង ៤៤នាក់ នៅលើនាវាមុជទឹកមួយគ្រឿងដែលបានបាត់ខ្លួន កាលពី ជាងសប្ដាហ៍មុន នៅឯមហាសមុទ្រអាត្លង់ទិកខាងត្បូង។ នេះបើតាមអ្នកនាំពាក្យកងនាវាអាហ្សង់ទីន ដកស្រង់ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០១៧។
ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន អ្នកនាំពាក្យកងនាវាអាហ្សង់ទីន លោក Enrique Balbi បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រតិបតិការតាមស្វែងរកដឹកនាំ ដោយក្រុមចំរុះអន្តរជាតិមិនអាច កំណត់ទីតាំងរបស់នាវាមុជទឹក ARA San Juan ហើយវាត្រូវបានអូសបន្លាយពេលទ្វេដង ច្រើនជាងពេលវេលា នៃការសន្និដ្ឋានថា សមាជិកនាវិកទំាងអស់អាចនៅរស់រានមានជីវិតទៅទៀត»។ តែទោះជាយ៉ាងណាក៏ដោយ លោក Enrique Balbi បានបញ្ជាក់ថា កងនាវាអាហ្សង់ទីន នឹងបន្តស្វែងរកនាវាមុជទឹកនេះដោយខ្លួនឯង នៅតំបន់មហាសមុទ្រអាត្លង់ទិកស្ថិតនៅ ចំងាយ ៤៥គីឡូម៉ែត្រពីឆ្នេរ Patagonia។
គួររំលឹកថា នាវាមុជទឹក ARA San Juan បានបាត់ខ្លួនដោយអាថ៌កំបាំងកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ហើយក្រោយមកមានសេចក្ដីរាយការណ៍ជាច្រើនថា មានហេតុការណ៍ផ្ទុះមួយបាន កើតនៅក្នុងនាវាមុជទឹកនេះ ខណៈមកទល់នឹងពេលនេះអាជ្ញាធរអាហ្សង់ទីន មិនទាន់អាចបញ្ជាក់ពីជោគវាសនា នៃកងនាវិកទាំង ៤៤នាក់ថានៅរស់ ឬក៏ស្លាប់នៅឡើយទេ៕