(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា គោលនយោបាយចិនលើកូរ៉េខាងជើង ហាក់ដូចជាមិនមានប្រសិទ្ធភាព និងមិនមានផលប៉ះពាល់ទាល់តែសោះ ដល់បុរសគ្រាប់រ៉ុក្កែត លោក គីម ជុងអ៊ុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០១៧។
លោក ដូណាល់ ត្រាំ ថ្លែងបែបនេះក្រោយទីក្រុងព្យុងយ៉ាង បានប្រកាសពីជោគជ័យ នៃការបាញ់សាកល្បងមីស៊ីលឆ្លងទ្វីប ICBM ប្រភេទថ្មីឈ្មោះ Hwasong-15 ដែលបានហោះដល់រយៈកម្ពស់ ៤,៤៧៥គីឡូម៉ែត្រ និងបានចំងាយ ៩៥០គីឡូម៉ែត្រ ក្នុងរយៈពេល ៥៣នាទី មុននឹងធ្លាក់ចូលតំបន់សេដ្ឋកិច្ចផ្ដាច់មុខជប៉ុន នៅឯសមុទ្រខាងកើតកាលពីថ្ងៃពុធ។
ថ្លែងលើ Twitter ដោយប្រើពាក្យមិនសមរម្យ ប្រឆាំងនឹងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលលោកផ្ទាល់ហៅថា «បុរសគ្រាប់រ៉ុកក្កែត» និង «ក្មេងឆ្កួត» លោក ត្រាំ បានលើកឡើង យ៉ាងដូច្នេះថា «បេសកជនចិនដែលទើបត្រឡប់កពីកូរ៉េខាងជើងវិញ ហាក់ដូចជាមិនបានធ្វើអ្វីឱ្យប៉ះពាល់លើបុរសគ្រាប់រ៉ុក្កែតទាល់តែសោះ»។
គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញ គ្រាប់មីស៊ីលឆ្លងទ្វីប Hwasong-15 ដែលកូរ៉េខាងជើងបានធ្វើតេស្ដកាលពីថ្ងៃពុធ គឺជាមីស៊ីល ICBM ប្រភេទថ្មីអាចមានសមត្ថភាពវាយប្រហារលើរដ្ឋ និងដីគោកនានារបស់សហរដ្ឋអាមេរិក ខណៈទីក្រុងសេអ៊ូលព្យាករថា ទីក្រុងព្យុងយ៉ាងនឹងផលិតបានអាវុធនុយក្លេអ៊ែរដោយជោគជ័យ នៅឆ្នាំក្រោយនេះ៕