(វ៉ាស៊ីនតោន)៖ សេតវិមានបានចេញមុខទាត់ចោល សេចក្ដីរាយការណ៍មួយដែលថា លោក រិច ធីល្លឺសុន នឹងត្រូវបណ្ដេញចេញពីតំណែងជារដ្ឋមន្ត្រីការបរទេសអាមេរិក ក្រោយពីការបែកធ្លាយព័ត៌មានកន្លងមកថា លោកមានភាពរកាំរកូសខ្លាំងជាមួយ លោក ដូណាល់ ត្រាំ និងជំនួសមកវិញនូវលោក Mike Pompeo។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយ អ្នកនាំពាក្យសេតវិមាន លោកស្រី Sarah Sanders បានគូសបញ្ជាក់យ៉ាងដូច្នេះថា «លោក រិច ធីល្លឺសុន នឹងបន្តដឹកនាំក្រសួងការបរទេសអាមេរិក ហើយព័ត៌មានដែលថា រូបលោកនឹងត្រូវដកដំណែង គឺជារឿងមិនពិត»។ ប៉ុន្តែទន្ទឹមគ្នានោះ លោកស្រី Sanders បានបន្តទៀតថា នៅពេលលោកប្រធានាធិបតី ដូណាល់ ត្រាំ បាត់បង់ការជឿទុកចិត្តលើនរណាម្នាក់ នោះពួកគេមិនអាចបន្តកាន់តំណែងបានទៀតនោះទេ។
គួរបញ្ជាក់ថា ប្រតិកម្មរបស់សេតវិមាន បានកើតមានឡើងបន្ទាប់ពីសារព័ត៌មាន New York Times និងសារព័ត៌មានធំៗមួយចំនួនទៀត ផ្អែកលើមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានចេញផ្សាយថា លោក រិច ធីល្លឺសុន នឹងត្រូវបណ្ដេញចេញពីតំណែង និងជំនួសមកវិញដោយនាយកទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក CIA លោក Mike Pompeo។ យ៉ាងណាក៏ដោយមួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញ លោក ធីល្លឺសុន និងលោក ត្រាំ ពិតជាមានការខ្វែងគំនិតជាច្រើន ទាក់ទិននឹងនយោបាយការបរទេស ជាពិសេសគឺសំណុំរឿងកូរ៉េខាងជើង ហើយពាក្យចចាមអារ៉ាមថា លោក ធីល្លឺសុន នឹងលាលែងពីតំណែងក៏ធ្លាប់កើតមានផងដែរ៕