ប្រទេសចិន៖ បុរសម្នាក់ «ទទួលទោសប្រហារជីវិត» ក្រោយប្រមូលផ្តុំបក្ខពួក លួចទ្រព្យសម្បត្តិពីផ្នូរបុរាណ អាយុកាលជាង០៥ពាន់ឆ្នាំ...
01-12-2017 09:22
(ប៉េកាំង)៖ តុលាការមួយនៅភាគឦសានប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចចិត្តផ្ដន្ទាទោស ប្រហារជីវិតបុរសម្នាក់ ពីបទលួចទ្រព្យសម្បត្តិនៅតំបន់ផ្នូរបុរាណ។ ប៉ុន្តែការអនុវត្តន៍ទោសនេះ ត្រូវព្យួររយៈពេលពីរឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០១៧។
យោងតាម ស៊ីនហួរ តុលាការជាន់ខ្ពស់ក្នុងខេត្ត Liaoning បានផ្ដន្ទាទោសប្រហារជីវិតបុរសម្នាក់ឈ្មោះ Yao Yuzhong ជាមួយការព្យួរទោសរយៈពេលពីរឆ្នាំពីបទលក់ និងលួចវត្ថុនៅឯតំបន់ផ្នូរបុរាណ។ កាលពីឆ្នាំ២០១៤ ផ្នូរបុរាណ និងវត្ថុបុរាណមួយចំនួន ត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ នៅឯតំបន់បុរាណវិទ្យានៃព្រំដែនរវាង ទីក្រុង Lingyuan និងទីជនបទ Jianping នៃខេត្ត Liaoning។ ចំណែកឯ ក្រុមអ្នកបុរាណវិទូក៏បានអះអាងដែរថា ពួកគេបានរកឃើញវត្ថុបុរាណជាច្រើន មានអាយុកាលកាលពី ៥,៥០០ឆ្នាំមុន នៅក្នុងតំបន់នេះ។
គួរបញ្ជាក់ថា ប៉ូលិសធ្លាប់ចាប់ជនសង្ស័យ ២២៥នាក់ ក្នុងនោះរួមមានទំាង លោក Yao ជាមេខ្លោងដែលគេជឿជាក់ថា បានលួចវត្ថុបុរាណ ខណៈវត្ថុបុរាណ ២,០៦៣មុខ ត្រូវបានរឹបអូសយកមករក្សាទុក ដោយអាជ្ញាធររដ្ឋវិញផងដែរ៕