(ញូយ៉ក)៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Nikki Haley បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោនបាន​ស្នើ​​ឲ្យទីក្រុងប៉េកាំងផ្អាកការដឹកជញ្ជូនប្រេងឆៅ ទៅកាន់ប្រទេសកូរ៉េខាងជើងជាបន្ទាន់ ក្រោយពីទីក្រុងព្យុងយ៉ាង បានបង្ករឿងសាជាថ្មី​ម្តងទៀត តាមរយៈការធ្វើតេស្តមីស៊ីលផ្លោងឆ្លងទ្វីបជំនាន់ថ្មី ដែលត្រូវបានអះអាងថា អាចវាយប្រហារលើគ្រប់ទីតាំង នៅទូទាំង​សហ​រដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNBC នៅយប់ថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។

ក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅទីស្នាក់ការ UN ក្នុងទីក្រុងញូយ៉ក ជុំវិញការបាញ់ធ្វើតេស្តមីស៊ីល​របស់កូរ៉េខាងជើង នាសប្តាហ៍នេះ លោកស្រី Haley បានបង្ហើបឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសន្ទនា​តាម​ទូរស័ព្ទ​​ជា​មួយ​ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងបានប្រាប់ទៅលោក ស៊ី ថា វាដល់ពេលហើយដែលចិន ត្រូវ​បាន​បញ្ឈប់​រាល់​សកម្ម​​ភាព​ដឹកជញ្ជូនប្រេងឆៅ ទៅឲ្យប្រទេសជិតខាងរបស់ខ្លួនមួយនេះ។

នាឱកាសនោះ លោកស្រី Haley បានថ្លែងដូច្នេះថា «ខណៈពេលនេះ យើងសង្ឃឹមថាប្រធានាធិបតី ស៊ី ក៏នឹងមានគោលជំហរដូច​គ្នា​ផងដែរ។ ពួកយើងជឿជាក់ថាលោក មានឱកាសក្នុងការធ្វើរឿងដែលត្រឹមត្រូវ សម្រាប់ផលប្រយោជន៍នៃប្រទេសនានា។ ​ចិនត្រូវ​តែ​បង្ហាញភាពជាអ្នកដឹកនាំហើយធ្វើឲ្យបាន។ ប្រទេសចិន អាចធ្វើរឿងនេះបានដោយខ្លួនឯង ឬបើមិនដូច្នោះទេ ពួក​យើង​អាច​ចាត់​​ការ​​បញ្ហា​​ដឹកជញ្ជូនប្រេងនេះដោយផ្ទាល់ដៃ»

គួររំលឹកថា ​បើតាមរដ្ឋបាលព័ត៌មានថាមពល(EIA) របស់អាមេរិក កាលពីខែកញ្ញា ចិនបានប្រកាសថា ខ្លួន​នឹង​បន្ថយ​ការ​ដឹក​ជញ្ជូន​ផលិត​ផលប្រេងចម្រាញ់រួច ទៅ​កាន់​កូរ៉េ​ខាង​ជើង ឲ្យ​នៅ​ត្រឹម០២លានបារ៉ែលក្នុងមួយឆ្នាំ ខណៈកាលពីឆ្នាំទៅមុន ប្រទេស​ចិនបាន​បញ្ជូនផលិតផលប្រេងចំនួន៦,០០០បារ៉ែលក្នុងមួយថ្ងៃ ទៅឲ្យកូរ៉េខាងជើង ដើម្បីរក្សាដំណើរការនៃវិស័យកសិកម្ម ដឹកជញ្ជូន និង​យោធារបស់ប្រទេស​កុម្មុយនិស្តឯកោមួយនេះ។ យ៉ាងណាមិញ ចិននៅតែបន្តដឹកជញ្ជូនទៅកាន់កូរ៉េខាងជើងនូវ ប្រេងឆៅ ដែលជា​វត្ថុធាតុដើមសម្រាប់ប្រេងឥន្ទនៈ និងជាកម្លាំងចលករដ៏សំខាន់ នៃកម្មវិធីនុយក្លេអ៊ែរ-មីស៊ីលរបស់រប​បដឹកនាំទីក្រុងព្យុងយ៉ាង៕