(ប៉េកាំង, ចិន)៖ ក្រុមហ៊ុនធំរបស់ចិនពីរទៀត បានបង្ហាញបំណងចង់វិនិយោគលើការសាងសង់កំពង់ផែទេសចរណ៍លំដាប់អន្តរជាតិនៅកម្ពុជា ព្រមទាំងការសាងសង់ផ្លូវ ខុនដូរខ្ពស់ៗនៅមជ្ឈមណ្ឌលកោះពេជ្រ និងធនាគារផងដែរ។
បំណងនៃការសាងសង់កំពង់ទេសចរណ៍លំដាប់អន្តរជាតិ ក៏ដូចជាការសាងសង់ផ្លូវ និងខុនដូរខ្ពស់ៗ និងធនាគារ ត្រូវបានស្តែងឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្នុងពេលសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យថ្នាក់ដឹកនាំក្រុមហ៊ុនទាំងនេះ ចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារ។
ក្រុមហ៊ុនដែលចង់មកវិនិយោគកំពង់ផែទេសចរណ៍ សាងសង់ផ្លូវ និងខុនដូរខ្ពស់ៗនេះ គឺក្រុមហ៊ុន Greenland Holding Group និង ក្រុមហ៊ុន Henan Transport Investment Group។
លោក ហ្សាង យូលាង ប្រធានក្រុមហ៊ុន Greenland Holding Group និង លោក ឆេង វីសេន ប្រធានក្រុមហ៊ុន Henan Transport Investment Group បានបង្ហាញការស្ញប់ស្ញែងខ្លាំងចំពោះភាពរីកចម្រើនរបស់ប្រទេសកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសស្របគ្នាទៅនិងគោលនយោបាយផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់ប្រធានាធិបតីចិន ស៊ី ជិនពីង។
លោក ហ្សាង យូលាង និង លោក ឆេង វីសេន បានថ្លែងថា នឹងខិតខំរៀបចំបែបបទឲ្យបានហើយរួចរាល់ ដើម្បីឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាង អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ ឡាងឆាន ក្នុងប្រទេសកម្ពុជា នាខែមករា ឆ្នាំ២០១៨ ចំខួប ៦០ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរកម្ពុជា-ចិន។
នៅថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន ក៏បានអនុញ្ញាតឲ្យប្រធានក្រុមហ៊ុន China Road & Bridge Corporation ដែលជាក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅព្រះសីហនុ ចូលជួបសំដែងការគួរសម និងពិភាក្សាលើគម្រោងសាងសង់ផ្លូវល្បឿនលឿននេះផងដែរ។
ក្នុងជំនួបពិភាក្សានោះ លោក Liu Qi Tao ប្រធានក្រុមហ៊ុន China Road & Bridge Corporation បានរាយការណ៍ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ពីគម្រោងមួយចំនួនដែលក្រុមហ៊ុនបាននិងកំពុងអនុវត្តន៍ក្នុងប្រទេសកម្ពុជា តាមរយៈការសាងសង់ស្ពាន ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។
ជាមួយគ្នានេះ លោក Liu Qi Tao និងសម្តេចតេជោនាយករដ្ឋមន្រ្តី បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់លើការជំរុញការសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ដែលគ្រោងបើកការដ្ឋានសាងសង់នៅពេលដ៏ខ្លីខាងមុខ។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានឯកភាពលើគំនិតផ្តួចផ្តើមក្នុងការសាងផ្លូវល្បឿនលឿនឲ្យបានឆាប់បំផុត តាមអ្វីដែលអាចធ្វើទៅបានរបស់ភាគីក្រុមហ៊ុន និងក្រសួងស្ថាប័នពាក់ព័ន្ធ៕