(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ រឿងក៏គួរឲ្យតក់ស្លុតមួយបានកើតឡើង នៅឯតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICTY) ក្នុងទីក្រុងឡាអេ (Hague) នៃប្រទេសហូឡង់ នៅពេលដែលអតីតមេទ័ពក្លាយជាឧក្រិដ្ឋជនសង្រ្គាម លោក Slobodan Praljak បានផឹកថ្នាំពុលដើម្បីផ្តាច់ជីវិតខ្លួនឯងនៅក្នុងបន្ទប់សវនាការ ស្របពេលដែលចៅក្រមសម្រេចតម្កល់ទុកសាលក្រម កាត់ទោសឲ្យរូបលោកជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំដដែល៕
២៖ លទ្ធផលនៃការអង្កេតស្រាវជ្រាវថ្មី បានឲ្យដឹងថា ចំណុចពន្លឺដ៏ភ្លឺចែងចាំងមួយ នៅក្នុងក្រុមផ្កាយមានឈ្មោះថា Dorado តាមពិតទៅគឺជា តំបន់ខុសប្លែកពីធម្មតាមួយ នៃការកកើតផ្កាយ។ វាត្រូវបានបង្កើតឡើងដោយ ការទង្គិចគ្នាជាដដែលៗ នៃកាឡាក់ស៊ីរាងគូទខ្យងចំនួន ០២ ដែលស្ថិតនៅសែនឆ្ងាយមែនទែន ដោយពន្លឺរបស់ពួកវាទាំងពីរ ធ្វើដំណើរមកពីដំណាក់កាលនៃចក្រវាឡទើបកកើតដំបូង៕
៣៖ សហរដ្ឋអាមេរិកបានព្រមានថា របបដឹនាំកូរ៉េខាងជើងនឹងត្រូវបំផ្លាញទាំងស្រុង នៅក្នុងករណីសង្រ្គាមផ្ទុះឡើង។ ការព្រមានជាថ្មីនេះកើតមានឡើងបន្ទាប់ពីទីក្រុងព្យុង យ៉ាងបានបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបមួយគ្រាប់ធ្លាក់ចូលក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខជប៉ុន៕
៤៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានសន្យាថា អង់គ្លេសនឹងបន្តគាំទ្ររដ្ឋាភិបាលអ៊ីរ៉ាក់ ក្នុងការប្រយុទ្ធប្រឆាំងនឹងពួកភេរវករ ការស្វែងរកសន្តិភាព និងការកសាងប្រទេសជាតិឡើងវិញ៕
៥៖ រដ្ឋាភិបាលវេណេស៊ុយឡា កំពុងត្រៀមរៀបចំកិច្ចសន្ទនានយោបាយ ជាមួយគណបក្សប្រឆាំង ជាមួយការរំពឹងទុកខ្ពស់បំផុត ដែលនឹងអាចស្វែងរកដំណោះស្រាយ នយោបាយមួយដើម្បីបន្ធូរបន្ថយ ឬបញ្ចប់វិបត្តិនយោបាយបច្ចុប្បន្ន៕
៦៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May ឱ្យផ្ដោតសំខាន់លើពួកភេរវករនៅក្នុងចក្រភពអង់គ្លេស បន្ទាប់ ពីលោកស្រីបានរិះគន់រូបលោកសម្រាប់ការចែករំលែកវីដេអូប្រឆាំងនឹង អ្នកកាន់សាសនាអ៊ីស្លាម នៅលើបណ្ដាញ Twitter របស់លោកកាលពីថ្ងៃពុធ៕