(បាងកក)៖ អតីតអគ្គលេខាធិការនៃសមាគមអាស៊ាន លោក Surin Pitsuwan បានទទួលមរណភាពហើយ ក្នុងអាយុ ៦៨ឆ្នាំ ដោយសារតែអការៈគាំងបេះដូងភ្លាមៗ នៅមុនពេលលោកត្រៀមឡើងថ្លែងសុន្ទរកថាមួយ នៅរសៀលថ្ងៃព្រហស្បតិ៍នេះតែម្តង សម្រាប់កិច្ចប្រជុំសភា Halal (សាសនាអ៊ីស្លាម) នៅក្នុងសណ្ឋាគារ Bitec នៃសង្កាត់បាងណា ទីក្រុងបាងកកប្រទេសថៃ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានបាងកកប៉ុស្តិ៍ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។
ព័ត៌មានបានបន្តទៀតថា ក្រោយពេលលោកទទួលអការៈគាំងបេះដូងភ្លាមៗបែបនេះ រថយន្តសង្គ្រោះបន្ទាន់បាននាំរូបលោក ទៅកាន់មន្ទីរពេទ្យ Ramkhamhaeng ក្នុងទីក្រុងបាងកក ប៉ុន្តែមិនបានប៉ុន្មានម៉ោងផង ក្រុមគ្រូពេទ្យបានអះអាងថា លោក Surin Pitsuwan បានទទួលមរណភាពបាត់ទៅហើយ។
សម្រាប់ជីវៈប្រវត្តិសង្ខេប គឺលោក Surin Pitsuwan កើតនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤៩ នៅក្នុងស្រុក Muang នៃខេត្ត Nakhon Si Thammarat។ លោកបានបញ្ចប់ការសិក្សានៅសាលា Claremont ក្នុងរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក លើមុខវិជ្ជវិទ្យាសាស្ត្រនយោបាយ កាលពីឆ្នាំ១៩៧២ និងបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ នៅឯសាកលវិទ្យាល័យ Harvard ថែមទៀតផង។ ជាងនេះទៅទៀត លោកបានប្រឡូកចូលឆាកនយោបាយ កាលពីឆ្នាំ១៩៨៦ ក្នុងនាមជាបេក្ខជនតំណាងរាស្ត្រ នៃគណបក្សប្រជាធិបតេយ្យ ហើយក៏ទទួលបានអាសនៈប្រចាំខេត្តរបស់លោកតែម្តង ពីឆ្នាំ១៩៨៦ ដល់ឆ្នាំ២០០៥។
ជីវិតនយោបាយរបស់លោក បានទទួលភាពជោគជ័យច្រើន ខណៈតំណែងសំខាន់ៗ លោកធ្លាប់បានកាន់កាប់ ដូចជាអនុរដ្ឋមន្ត្រីការបរទេសថៃពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៥ និងក្លាយជារដ្ឋមន្ត្រីការបរទេសតែម្តងនៅឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០១ ក្រោមរបបដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី Chuan Leekpai។
អ្វីដ៏គួរឲ្យចាប់អារម្មណ៍ពី លោក Surin Pitsuwan គឺលោកជាជនជាតិថៃដំបូងបំផុត ដែលបានក្លាយជាអគ្គលេខាធិការអាស៊ាន នៅក្នុងទីក្រុងហ្សាការតាប្រទេសឥណ្ឌូណេស៊ី កាលពីឆ្នាំ២០០៨ ដែលមានអាណត្តិ ០៥ឆ្នាំ ហើយក្រោយមកទើបលោកវិលមកចូលរួមជាមួយបក្សប្រជាធិបតេយ្យម្តងទៀត។
គួរបញ្ជាក់ថា ពិធីបុណ្យសពរបស់លោក នឹងត្រូវប្រារព្ធឡើងនៅទីលាន Tha It ក្នុងស្រុក Pak Kret នៃខេត្ត Nonthaburi នៅថ្ងៃសុក្រស្អែកនេះតែម្តង៕