(ញូយ៉ក)៖ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ (UN) លោក Vassily Nebenzia បានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់រក្សាការអត់ធ្មត់ ជុំវិញវិបត្តិនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបមួយគ្រាប់ នៅថ្ងៃពុធសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។
ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខយូអិន កាលពីថ្ងៃពុធ លោក Nebenzia បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វាគឺជារឿងសំខាន់បំផុត ក្នុងការដើរមួយជំហ៊ានថយក្រោយ ហើយថ្លឹងថ្លែង ឡើងវិញពីផលវិបាក ដែលកើតចេញពីគោលនយោបាយគំរាមកំហែង និងបំភិតបំភ័យដាក់គ្នាទៅវិញទៅមក ត្បិតគោលនយោបាយបែបនេះ មានតែធ្វើឱ្យស្ថានភាពបច្ចុប្បន្នកាន់តែអាក្រក់ ឬក៏ប្រឆាំងនឹងវត្ថុបំណង ដែលយើងចង់បានតែប៉ុណ្ណោះ»។
គួរបញ្ជាក់ថា បើតាមលោក Vassily Nebenzia អស់រយៈពេលជាង ០២ខែកន្លះមកនេះ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ហាក់ដូចជាបានព្យាយាមសាកល្បងពីការអត់ធ្មត់ របស់កូរ៉េខាងជើង តាមរយៈការធ្វើសមយុទ្ធយោធាដោយគ្មានការគ្រោងទុក ឬប្រកាសជាមុន ព្រមទាំងការដាក់ទណ្ឌកម្មឯកតោភាគីជាដើម។ សកម្មភាពទាំងនេះឯង ដែលទីក្រុងព្យុង យ៉ាងចាត់ទុកថា ជាសកម្មភាពបង្ករឿងនិងបានចោទសួរពីភាពស្មោះត្រង់ នៃសហរដ្ឋអាមេរិកក្នុងការស្វែងរកកិច្ចចរចា ឬអាចនិយាយម្យ៉ាងទៀតបានថា របបដឹកនាំលោក គីម ជុងអ៊ុន នឹងមិនត្រឡប់មករកតុចរចាឡើយ បើសិនជាពួកគេនៅតែយល់ថា ខ្លួនគ្មានសុវត្ថិភាព៕