(ប្រេស៊ីល)៖ រយៈពេលមួយឆ្នាំ ក្រោយសោកនាដកម្មធ្លាក់យន្ដហោះ ដែលបានសម្លាប់សមាជិកក្រុមបាល់ទាត់ ប្រេស៊ីល Chapecoense ស្ទើតែទាំងអស់ សំណួរជាច្រើននៅតែ ពុំទាន់មានចម្លើយ រីឯក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ ក៏មិនទាន់ទទួលបានសំណងសូម្បីតែមួយសេន ពីក្រុមហ៊ុនធានារ៉ាប់រង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារ
សារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។
ថ្ងៃពុធម្សិលមិញ គឺជាថ្ងៃគំរប់ខួបមួយឆ្នាំ ដែលយន្ដហោះដឹកក្រុមកីឡាករក្លឹប Chapecoense បានធ្លាក់នៅឯប្រទេសកូឡុំប៊ី នៅអំឡុងពេលធ្វើដំណើរទៅចូលរួមការប្រកួតវគ្គផ្ដាច់ ព្រ័តនៃជើងឯក South American Cup។ ជាមួយគ្នានោះ ក្រុមអ្នកគំាទ្រក្លឹបបាល់ប្រេស៊ីលមួយនេះ បានប្រមូលផ្ដុំគ្នានៅក្នុងទីក្រុង Chapeco នៃរដ្ឋ Santa Catarina ដើម្បីរំលឹកវិញាណក្ខន្ធជនរងគ្រោះទាំងអស់ ដែលបានស្លាប់នៅក្នុងហេតុការណ៍ ធ្លាក់យន្ដហោះដ៏មហាប្រល័យបំផុត នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ យន្ដហោះធុនតូចមួយគ្រឿងដឹកក្រុមកីឡាករក្លឹប Chapecoense បានធ្លាក់នៅឯប្រទេសកូឡុំប៊ី នៅអំឡុងពេលធ្វើដំណើរទៅ ចូលរួមការប្រកួតវគ្គផ្ដាច់ព្រ័តនៃជើងឯក South American Cup ដោយផ្ដាច់យកអាយុជីវិតមនុស្ស ៧១នាក់ និង០៦នាក់រងរបួស។ ប៉ុន្តែមកទល់ពេលនេះ មូលហេតុធ្លាក់នៅតែស្ថិតនៅក្នុងភាពអាថ៌កំបាំង រីឯគ្រួសារជនរងគ្រោះមិនទាន់ទទួលបានសំណង ពីក្រុមហ៊ុនធានារ៉ាប់រងរបស់ក្រុមហ៊ុនអាកាសចរណ៍ LaMia នៅឡើយទេ ដោយខាងក្រុមហ៊ុននេះចោទថា អ្នកបើកបរយន្ដហោះ និងម្ចាស់យន្ដហោះ មានចេតនាប្រថុយធ្វើការហោះហើរទាំងដឹងថា គ្មានឥន្ធនៈគ្រប់គ្រាន់៕