សហរដ្ឋអាមេរិក៖ «បើសង្គ្រាមផ្ទុះឡើងនៅឧបទ្វីបកូរ៉េ ប្រទេសកូរ៉េខាងជើងទាំងមូល នឹងត្រូវខ្ទេចគ្មានសល់...»
30-11-2017 13:42
(ញូយ៉ក)៖ សហរដ្ឋអាមេរិកបានព្រមានថា របបដឹនាំកូរ៉េខាងជើងនឹងត្រូវបំផ្លាញទាំងស្រុង នៅក្នុងករណីសង្រ្គាមផ្ទុះឡើង។ ការព្រមានជាថ្មីនេះកើតមានឡើងបន្ទាប់ពីទីក្រុងព្យុង យ៉ាងបានបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបមួយគ្រាប់ ធ្លាក់ចូលក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខជប៉ុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។
នេះមិនមែនជាលើកទីមួយឡើយ ដែលសហរដ្ឋអាមេរិកព្រមានកូរ៉េខាងជើង ហើយវាក៏នឹងមិនក្លាយជាលើកចុងក្រោយដែរ ដែលទីក្រុងព្យុងយ៉ាងធ្វើតេស្ដមីស៊ីល ឬអាវុធនុយក្លេអ៊ែរ។ ចាប់តាំងក្លាយជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បានព្រមានជាច្រើនដងថា ជម្រើសទំាងអស់ក្នុងនោះរួមមានទំាង ការប្រើប្រាស់កម្លាំងយោធា មាននៅលើតុរួចជាស្រេច ដើម្បីដោះស្រាយជាមួយកូរ៉េខាងជើង ប៉ុន្តែទីក្រុងវ៉ាស៊ីនតោននៅតែអះអាងថា ខ្លួនចង់ដោះស្រាយបញ្ហាតាមផ្លូវការទូតជាអាទិភាព។
ដោយឡែកទាក់ទិននឹងការបាញ់សាកល្បងមីស៊ីល កាលពីថ្ងៃពុធឯណោះវិញ ថ្លែងនៅក្នុងកិច្ចប្រជុំបន្ទាន់នៅឯក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ លោកស្រី Nikki Haley បានព្រមានជាថ្មីថា របបដឹកនាំលោក គីម ជុងអ៊ុន នឹងត្រូវបំផ្លាញគ្មានសល់ បើសិនជាសង្រ្គាមផ្ទុះឡើង។ លោកស្រីទូតអាមេរិកប្រចាំយូអិនរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «យើងមិនដែលស្វែងរកសង្រ្គាមជាមួយកូរ៉េខាងជើងនោះទេ ហើយសព្វថ្ងៃយើងនៅតែរក្សាជំហរបែបនេះដដែល។ ក៏ប៉ុន្តែបើសង្រ្គាមផ្ទុះឡើង គឺវាកើតឡើងដោយសារតែ ការបន្តសកម្មភាពឈ្លានពានដូចយើងបានឃើញកាលពីថ្ងៃពុធ... ម្យ៉ាងវិញ ទៀតក្នុងករណីសង្រ្គាមផ្ទុះឡើងពិតមែន នោះរបបដឹកនាំកូរ៉េខាងជើង នឹងត្រូវបំផ្លាញទាំងស្រុង»។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធកូរ៉េខាងជើងបានប្រកាសពីជោគជ័យ នៃការបាញ់សាកល្បងមីស៊ីលឆ្លងទ្វីប ICBM ប្រភេទថ្មីឈ្មោះ Hwasong-15 ដែលបានហោះដល់រយៈកម្ពស់ ៤,៤៧៥ គីឡូម៉ែត្រ និងបានចំងាយ ៩៥០គីឡូម៉ែត្រក្នុងរយៈពេល ៥៣នាទី មុននឹងធ្លាក់ចូលតំបន់សេដ្ឋកិច្ចផ្ដាច់មុខ ជប៉ុននៅឯសមុទ្រខាងកើត។ មិនតែប៉ុណ្ណោះទីក្រុងព្យុងយ៉ាង ក៏បានប្រាប់សហរដ្ឋអាមេរិកដែរថា ចាប់ពីពេលនេះតទៅ មីស៊ីលកូរ៉េខាងជើងអាចបាញ់ដល់គ្រប់ទីកន្លែងទាំងអស់ រួមទាំងដីគោករបស់សហរដ្ឋអាមេរិក ខណៈទីក្រុងសេអ៊ូលផ្ទាល់ជឿថា កូរ៉េខាងជើងនឹងមានអាវុធនុយក្លេអ៊ែរពេញលេញ នៅឆ្នាំក្រោយនេះ៕