(ព្យុងយ៉ាង)៖ ទីភ្នាក់ងារព័ត៌មានរដ្ឋ​កូរ៉េខាងជើង KCNA នៅ​ថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានចេញផ្សាយ​នូវរូបភាពជាច្រើន​សន្លឹក ដែលបង្ហាញអំពី​ការបាញ់មីស៊ីល​ប្រភេទថ្មី Hawsong-15 ដែលអន្តរជាតិ​ចាត់ទុកថា «ជាមីស៊ីលផ្លោង​ឆ្លងទ្វីប ICBM» ដែល​ទីក្រុងព្យុងយ៉ាង​ទើបបាញ់កាល​ព្រឹកម្សិលមិញ និងបានបង្កការ​ភ្ញាក់ផ្អើលពេញ​ពិភពលោក។ នេះបើតាម​ការផ្សាយពី Channel News Asia ដកស្រង់ពី​បណ្តាញព័ត៌មាន Reuters នារសៀល​ថ្ងៃព្រហស្បតិ៍ នេះតែម្តង។

កូរ៉េខាងជើងបានអះអាង​ប្រាប់ពិភពលោក ក្រោយរយៈពេល​ប៉ុន្មានម៉ោង នៃការបាញ់មីស៊ីល​របស់ខ្លួន កាលពីថ្ងៃពុធ​នោះថា «ជាជោគជ័យថ្មីមួយ» ដែលធ្វើឲ្យគ្រប់​ទីតាំងទាំងអស់ ទូទាំង​សហរដ្ឋអាមេរិក ស្ថិតនៅក្នុងរយៈចម្ងាយ​នៃការវាយប្រហារ ដោយគ្រាប់មីស៊ីល​ដ៏មានអានុភាព​ប្រភេទថ្មី​របស់ខ្លួន ព្រោះសមត្ថភាព​របស់ Hwasong-15 គឺអាចបាញ់ផុត​គន្លងគោចរ​លើភពផែនដី ហើយធ្វើការ​ហោះហើរ និងធ្លាក់ចូលមកក្នុងបរិយាកាស​ផែនដី​វិញបាន។

កូរ៉េខាងជើង​បានបាញ់​មីស៊ីលឆ្លងទ្វីប ICBM Hwasong-15 មួយគ្រាប់​កាលពីព្រឹកថ្ងៃពុធ បន្ទាប់ពីបានផ្អាក​ការធ្វើតេស្ដ អស់រយៈពេល ៧៥ថ្ងៃ។ យោងតាម​យោធាជប៉ុន មីស៊ីល​ដែល​កូរ៉េខាងជើង​ត្រូវ​បានបាញ់ កាលពីវេលា​ម៉ោង​ប្រមាណ ០៣៖១៨នាទី​ (ពេលវេលា​នៅ​ឧបទ្វីបកូរ៉េ) ចេញពីតំបន់ Pyongsong នៃខេត្ត Pyongan ខាងត្បូង ដោយវាហោះបាន​រយៈពេល​​ប្រហែល ៥៣នាទី​នៅរយៈកម្ពស់ ៤,៥០០គីឡូម៉ែត្រ និងហោះបានចំងាយ ៩៦០គីឡូម៉ែត្រ មុននឹងធ្លាក់ចូលក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខជប៉ុន នៅឯសមុទ្រខាងកើត ឬសមុទ្រជប៉ុន។

គួរបញ្ជាក់ថា កាលពី​ខែកក្កដា កូរ៉េខាងជើង​បានធ្វើតេស្ដមីស៊ីល​ឆ្លងទ្វីប ICBM Hwasong-14 ចំនួនពីរលើក ប៉ុន្តែនៅថ្ងៃនេះ​ទីក្រុងព្យុងយ៉ាង​បានប្រកាសថា ខ្លួនបាន​ធ្វើតស្ដដោយ ជោគជ័យនូវ​មីស៊ីលឆ្លងទ្វីប​ប្រភេទថ្មីមួយ​ឈ្មោះ ICBM Hwasong-15 ដែលអាចពាំក្បាល​គ្រាប់នុយក្លេអ៊ែរ​បាញ់ដល់គ្រប់ទីកន្លែង និងគ្រប់ទីតាំងទំាងអស់​ នៃដីគោករបស់​សហរដ្ឋអាមេរិក៕