(វ៉ាស៊ីនតោន)៖ ការស្ទង់មតិមួយ​បានបង្ហាញថា​ប្រជាជនអាមេរិក​វ័យជំទង់ជាង ៧១ភាគរយ​យល់ថា សហរដ្ឋអាមេរិកចាំបាច់ត្រូវការ​គណបក្សនយោបាយ​ដ៏ធំទី ៣ ដោយសារតែ គណបក្ស​សាធារណៈរដ្ឋ និងគណបក្ស​ប្រជាធិបតេយ្យ​ធ្វើការងារ​មិនបានល្អ។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។​

យោងតាមការស្ទង់​មតិចេញផ្សាយ​ដោយ NBC News និង GenForward កាលពីថ្ងៃពុធ ប្រជាជន​អាមេរិកវ័យ​ជំទង់ ៦៣ភាគរយ បានសម្ដែងការ​មិនពេញចិត្ត លើការបំពេញការងារ ជាប្រធានាធិបតី​របស់ លោក ដូណាល់ ត្រាំ ខណៈ​៦៥ភាគរយគិតថា សហរដ្ឋអាមេរិក​កំពុងដើរលើផ្លូវខុស។ ជាងនេះទៅ​ទៀត ក្រុមមនុស្សវ័យក្មេង​ទំាងនេះ ០៦នាក់ ក្នុងចំណោម ១០នាក់ ក៏បានសម្ដែង​ការជំទាស់ផងដែរ​ ចំពោះរបៀបធ្វើ​ការងារ​របស់សភា​អាមេរិក រីឯ ៥៩ភាគរយ មិនពេញចិត្តនឹង​គណបក្ស​សាធារណៈរដ្ឋ និង៤២ភាគរយ មិនពេញចិត្ត​គណបក្ស​ប្រជាធិបតេយ្យ។

គួរបញ្ជាក់ថា ការស្ទង់មតិ​ខាងលើ ត្រូវបានធ្វើឡើងពី​ថ្ងៃទី២៦ ដល់ថ្ងៃទី១០ ខែវិច្ឆិកា តាមរយៈការសាកសួរ​ប្រជាជនអាមេរិក ១,៨៧៦នាក់ មានអាយុចន្លោះពី១៨ ដល់ ៣៤ឆ្នាំ ហើយ អ​ត្រាកំហុសនៃការស្ទង់​មតិមាន ៣.៩២ភាគរយ។ ការស្ទង់មតិថ្មីនេះ គឺជារឿងដ៏គួរឲ្យ​ចាប់​អារម្មណ៍ខ្លាំងនៅសហរដ្ឋអាមេរិក ខណៈដែលលោក ដូណាល់ ត្រាំ ហាក់ដូចជាបានបង្ក​ការមិនពេញចិត្ត​ពីសំណាក់ប្រជាពលរដ្ឋអាមេរិក កាន់តែកើនឡើងខ្ពស់ ទៅលើរបៀបរបប​នៃការដឹកនាំរដ្ឋបាលរបស់លោក ចាប់តាំងពីការឡើងកាន់តំណែងជាផ្លូវការ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧មក៕