(បាកដាដ)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានសន្យាថា អង់គ្លេសនឹងបន្តគាំទ្ររដ្ឋាភិបាលអ៊ីរ៉ាក់ ក្នុងការប្រយុទ្ធប្រឆាំងនឹងពួកភេរវករ ការស្វែងរកសន្តិភាព និងការកសាងប្រទេសជាតិឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោកស្រី May ថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មាន ជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Haider al-Abadi ក្នុងទីក្រុងបាកដាដ នាឱកាសបំពេញដំណើរទស្សនកិច្ចមកកាន់ ប្រទេសអ៊ីរ៉ាក់ជាលើកដំបូង ចាប់តាំងពីលោកស្រីឡើងកាន់អំណាចកាលពីឆ្នាំមុន។ លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងនឹងបន្តគាំទ្រដល់អ៊ីរ៉ាក់ ក្នុងនាមជាដៃគូក្នុងការពង្រឹងសន្តិសុខ ការកសាងប្រទេសជាតិឡើងវិញ និងស្ថេរភាព រួមទំាងការបណ្ដុះបណ្ដាលកងកម្លាំងអ៊ីរ៉ាក់ និងកិច្ចខិតខំប្រឹងប្រែងទទួលយកជនភៀសខ្លួន ត្រឡប់មកវិញ»។
គួរបញ្ជាក់ថា លោកស្រី Theresa May បានក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេសដំបូងគេបំផុត បំពេញដំណើរទស្សនកិច្ចមកកាន់ប្រទេសអ៊ីរ៉ាក់ ចាប់តាំងពីអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Gordon Brown។ ជាងនេះទៅទៀត នាឱកាសនោះ លោកស្រីក៏បានសន្យាផងដែរថា នឹងផ្ដល់ជំនួយ ២៦លានដុល្លារ សម្រាប់គាំទ្រផ្នែកសិទ្ធិមនុស្ស និង ៤០លានដុល្លារ សំដៅចូលរួមចំណែកស្វែងរកស្ថេរភាព និងការធ្វើកំណែទម្រង់នានា៕