(ការ៉ាកាស់)៖ រដ្ឋាភិបាលវេណេស៊ុយឡា កំពុងត្រៀមរៀបចំកិច្ចសន្ទនានយោបាយ ជាមួយគណបក្សប្រឆាំង ជាមួយការរំពឹងទុកខ្ពស់បំផុត ដែលនឹងអាចស្វែងរកដំណោះស្រាយ នយោបាយមួយដើម្បីបន្ធូរបន្ថយ ឬបញ្ចប់វិបត្តិនយោបាយបច្ចុប្បន្ន។ នេះបើតាមមន្ត្រីជាន់ខ្ពស់វេណេស៊ុយអេឡាដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។
ថ្លែងនៅលើ Twitter លោកស្រី Delcy Rodriguez ជាប្រធានសភាធម្មនុញ្ញបានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងកំពុងត្រៀមរៀបចំកិច្ចសន្ទនានយោបាយ ជាមួយការរំពឹងទុកខ្ពស់បំផុត ថានឹងអាចស្វែងរកដំណោះស្រាយនយោបាយមួយ ដើម្បីបន្ធូរបន្ថយ ឬបញ្ចប់វិបត្តិនយោបាយបច្ចុប្បន្ន... វាគួរតែជាយន្ដការមួយ ដែលអាចភាគីទាំងពីរទទួលយកបាន ហើយយើងក៏សង្ឃឹមដែរថា គំរោងនេះនឹងដំណើរការទៅយ៉ាងរលូន»។
គួរបញ្ជាក់ថា ការលើកឡើងរបស់ លោកស្រី Delcy Rodriguez ធ្វើឡើងក្រោយលោកស្រីបានជួបពិភាក្សាការងារ ជាមួយអ្នកជំនាញរបស់អង្គការសហរប្រជាជាតិ ផ្នែកលើកកម្ពស់ប្រធិបតេយ្យ លោក Alfred-Maurice de Zaya កាលពីថ្ងៃពុធ។ ប៉ុន្តែ នេះមិនមែនជាលើកទីមួយឡើយ ដែលរដ្ឋាភិបាលទីក្រុងការ៉ាកាស់ ប្រកាសបែបនេះ ត្បិតគំរោងនៃកិច្ចចរចា ជាមួយបក្សប្រឆំាងធ្លាប់ត្រូវបានលុបចោលទៅវិញជាច្រើនដង។ ដោយឡែកគំរោងនៃកិច្ចចរចានេះ ត្រូវបានគេរំពឹងថា នឹងត្រូវធ្វើឡើងនៅថ្ងៃទី ០១ និងថ្ងៃទី០២ ខែធ្នូខាងមុខនេះ នៅសាធារណៈរដ្ឋដូមីនិច៕